ចូលគុកព្រៃ.ស ដោយសារគ្រឿងញៀនម្តងហើយអត់រៀង ចេញមកវិញជក់ទៀត ហើយប្រមូលទ្រព្យសម្បត្តិក្នុងផ្ទះដុតចោលទៀត

រាជធានីភ្នំពេញ៖ កាលពី​រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពី​អុកឡុកក្នុង​ក្រុមគ្រួសារ វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ប្រមូល​ដុតចោល បង្ក​ឲ្យ​ភ័យខ្លាច ទាំង​ក្រុមគ្រួសារ និង​អ្នកដទៃ ដោយសារតែឥទ្ធិពលគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅ​ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។

ជនឃាត់ខ្លួននោះមានឈ្មោះ តាំង លៃ​ហ្វុ​ង អាយុ៤២ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ ច្រើន​ខែ-ច្រើន​ឆ្នាំ​មកហើយ។ តាមការឲ្យដឹងពីអ្នកស្រី លី ហួរ អាយុ៨៥ឆ្នាំ ជាម្តាយរបស់ជនញៀនថ្នាំនោះបានឲ្យដឹងថា ដោយសារតែញៀនថ្នាំខ្លាំងពេក អ្នកស្រីធ្លាប់ឲ្យគេចាប់បុរសនោះដាក់មណ្ឌលបន្សាបគ្រឿងញៀន និងធ្លាប់ជាប់គុកព្រៃ.ស ជាច្រើនលើកច្រើនសារផងដែរ ព្រោះតែវាយ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដេញ​វាយ​កាប់ចាសក់សាច់ញាតិ​បងប្អូនក្រុមគ្រួសារ​បង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ ទើបនឹងចេញពីគុកបានប្រហែល៣ខែ នៅរសៀលថ្ងៃកើតហេតុ បុរសញៀនថ្នាំរូបនោះបានអុកឡុកក្នុងផ្ទះសារជាថ្មី ដោយបានប្រមូលរបស់របរមួយចំនួនយកទៅដុតចោលអស់ ហើយសំឡុត​គម្រាម​ម្តាយ សាច់ញាតិ​ក្បែរ​ខាង បង្ក​ឲ្យ​ភ័យខ្លាច ទ្រាំលែងបាន ប្តឹង​ប៉ូលីស​ចុះមក​ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ នាំយកទៅ​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

COMMENTS