នគរបាលអន្តោប្រវេសន៍កម្ពុជា​ចាប់បញ្ជូនជនជាតិចិនជាង៦០នាក់ពាក់ពន្ធ័ករណីជំរិតទារប្រាក់តាមអិនធើណេតចេញពីប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ជនជាតិចិនសរុបចំនួន៦១នាក់ ក្នុងនោះមានស្រីចំនួន១៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើការបញ្ជូនចេញពីក្នុងព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយមានការសហការពីក្រសួងសន្តិសុខជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេស១គ្រឿងមកទទួលយក ។

ការបញ្ជូនជនបរទេសខុសច្បាប់ខាងលើនេះដែរ បានធ្វើឡើ​ង​​កាលពីវេលាព្រឹកថៃ្ងទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទីតាំងទល់មុខនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដោយមានការដឹកនាំដោយកម្លាំងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជំនួសមុខឲ្យឧត្តមនាយឧត្តមសេនីយ៍អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបញ្ជូននិងបណ្តេញចេញ ជនជាតិចិនចំនួន៦១នាក់ ក្នុងនោះមានស្រី១៣នាក់ ដែលពួកគេទាំងនេះ មានការជាប់ពន្ធ័ករណីជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគមន៍(VOIP) ដោយខុសច្បាប់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ និងត្រូវបាននគរបាលនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះមានកម្លាំងប្រឆាំងបទល្មើសល្បែង ឃាត់ខ្លួនបានកាលពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ក្រោយពីពួកគេទាំងនេះ ពាក់ពន្ធ័ករណីឆបោកគំរាមកំហែង ជំរិតទារប្រាក់តាមប្រពន្ធ័បច្ចេកវិទ្យា (VOIP) ក្នុងនោះ ការធ្វើសកម្មភាពរបស់ជនជាតិចិនទាំងនេះ ប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នា ដោយធ្វើជាអូសទាញជនរងគ្រោះ ជាពិសេសគឺជនរងគ្រោះនៅប្រទេសចិន ដូចជាគ្រូបង្រៀន ពេទ្យ សិល្បៈករ សិល្បៈការិនី ដោយធ្វើជាទំនាក់ទំនងក្នុងផ្លូវស្នេហា ក្រោយពីបានទាក់ទងគ្នាជ្រាលជ្រៅ រហូតមានរូបភាពផ្តល់ឲ្យគ្នា ខាងក្រុមជនជាតិចិនទាំងនេះ បានយករូបភាពអាសអាភាសទាំងនេះ ទៅគំរាមកំហែងភាគីជនរងគ្រោះដើម្បីគំរាមទារប្រាក់ បើមិនឲ្យនោះទេ ពួកគេនឹងផ្សាយ ក៏ដូចជាបង្ហោះរូបភាពទាំងនេះជាសាធារណៈ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមទាំងនេះបានចែកចេញជា៤ ដើម្បីធ្វើសកម្មភាព រួមមាន ក្រុមទទួលទិន្នន័យប្រវត្តិរូបរបស់ជនរងគ្រោះ , ក្រុមខាងប្រើចិត្តសាស្ត្រទាក់ទង អូសទាញ ជនរងគ្រោះ , ក្រុមបច្ចេកទេសខាងអ៉ីនធឺណេត និងក្រុមប្រមូលថវិការដែលបានមកពីការគំរាមទាំងនេះ។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតសម្ភារៈវត្ថុតាងពាក់ពន្ធ័នឹងបទល្មើសបានមួយចំនួនធំផងដែរ។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់បន្ថែមថា ចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានប្រវេសន៍កាលពីឆ្នាំ២០១៤មក អគ្គនាយកដ្ឋានបានសហការ បង្ក្រាបករណីឆបោក គំរាមកំហែង ជំរិតប្រាក់តាមប្រពន្ធ័ (VOIP) បានចំនួន១៥លើក ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ១,១៨៧នាក់ ក្នុងនោះមានស្រីចំនួន ២៤៥នាក់។ បើគិតពីដើមឆ្នាំ២០១៧ រហូតដល់ខែតុលានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប ករណីឆបោក គំរាមកំហែង ជំរិតប្រាក់តាមប្រពន្ធ័ (VOIP) បានចំនួន៥លើក ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៤០៧នាក់ ក្នុងនោះមានស្រីចំនួន៧៦នាក់។ ជាក់ស្តែងក្នុងខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានបានបង្ក្រាបចំនួន៣លើក ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣៥នាក់ ស្រីចំនួន២៧នាក់ បណ្តេញចេញទៅប្រទេសកំណើតវិញផងដែរ ហើយកម្ពុជានឹងទទួលស្វាគមន៍គ្រប់ជនបរទេស គ្រប់សញ្ជាតិដែលចូលមករស់នៅនិងប្រកបការងារស្របតាមច្បាប់របស់ប្រទេសកម្ពុជា តែបើប្រព្រឹត្តិខុសច្បាប់វិញឬលួចលាក់ស្នាក់នៅខុសច្បាប់វិញនោះ សមត្ថកិច្ចនឹងមិនទុកឲ្យរស់នៅក្នុងប្រទេសកម្ពុជានោះឡើយ នឹងត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប្រទេសរបស់ខ្លួន ថែមទាំងមិនអាចចូលមកកម្ពុជាបានម្តងទៀតនោះឡើយ។

ជាមួយគ្នានេះសមត្ថកិច្ច សូមសំណូមពរប្រជាពលរដ្ឋ មានការសហការ រាយការណ៍ជូនសមត្ថកិច្ច អំពីវត្តមានរបស់ជនបរទេស ដែលប្រមូលផ្តំ គ្នាជួលលំនៅដ្ឋានស្នាក់នៅ ហើយប្រសិនបើ មានការសង្ស័យ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ សូមរាយការណ៍ជាបន្ទាន់ ដើម្បីចាត់វិធានការតាមច្បាប់។

បច្ចុប្បន្ន ជនជាតិចិនទាំង៦១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំពេញ ដើម្បីឆ្ពោះទៅប្រទេសដើមវិញ ឆ្ពោះតាមជើងយន្តហោះពិសេសចំនួន១គ្រឿងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមនីតិវិធីរបស់ប្រទេសខ្លួនបន្តទៀត៕

COMMENTS