ក្រុមក្មេងទំនើង៥នាក់បង្ករភាពអសន្តិសុខក្នុងក្រុងប៉ៃលិនត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

ប៉ៃលិន៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមមានគ្នា៥នាក់ដែលបានធ្វើសកម្ភាពបង្ហោះម៉ូតូដេញកាប់គ្នាតាមផ្លូវយ៉ាងអនាធិបតេយ្យ កាលពីវេលាម៉ោង១០យប់និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀនចនសាន់ ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ សមត្ថកិច្ចបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុថាក្រុមក្មេងទំនើងទាំងនោះនាំគ្នាកាន់កាំបិត ដុំថ្ម និងខ្លះទៀតកាន់បំពង់ទីបក្នុងសភាពស្រវឹងជោគជាំ ហើយពួកគាត់បារម្មណ៍ពីសុវត្ថិភាពទើបរាយការណ៍ជូនសមត្ថកិច្ចសុំការអន្តរាគមន៍តែម្តង។ ក្មេងទំនើងទាំង៥នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះ នោ សាមៀន (ហៅអាង៉ោល) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្គកែវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ឈ្មោះ អេត សំអាង (ហៅ អាកោប) ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការកាហ្វេ សង្កាត់ ទួលល្វា ក្រុងប៉ៃលិន, ឈ្មោះ នុន សំណាង (ហៅ អាណាក់) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ឈ្មោះ ថេង ភី (ហៅ អាជាតិ) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាជាងដែក រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងឈ្មោះ ស៊ុន សុខលាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូបេង សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បច្ចុប្ប្នក្មេងទំនើងទាំងនេះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងធ្វើការអប់រំដោយមិនមានធ្វើទារុណកម្មអ្វីនោះទេ៕

 

COMMENTS