បុរសខ្លាំងដែលបាញ់គម្រាមមេឃកាលពីថ្ងៃមុនត្រូវតុលាការចេញដីការសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ភ្នំពេញ៖ លោក ខាំ សុផារី តំណាងអយ្យការអមសាលាដំ​បូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ឡេង ធារ៉ា ពីបទប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួនបណ្តោះអាសន្ន។

គួរបញ្ជាក់អោយដឹងដែរថា កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីបាញ់បោះសេរីមួយដែលបង្ករឡើងដោយបុរសម្នាក់ឈ្មោះ ឡេង ធារ៉ា  អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលដំបូងឡើយត្រូវបានគេសន្និដ្ឋានថាបុរសរូបនោះជាមន្ត្រីសមត្ថកិច្ចសក្តិ១ព្រោះមានកាំភ្លើងកាន់ តែការពិតជនបង្កររូបនោះជាជនសុីវិលកាន់កាប់កាំភ្លើងខុសច្បាប់។ នៅចំពោះមុខសមត្ថកិច្ច ជនបង្កររូបនោះបានសារភាពថា នៅយប់កើតហេតុ គេបានបើករថយន្តចេញពីផ្ទះទៅក្លឹប Work Hub ជាក្លឹបរបស់បងស្រីធម៌ដែលប្រគល់អោយគេមើលការខុសត្រូវ លុះពេលទៅដល់ បងស្រីធម៌ដែលជាម្ចាស់ក្លឹបនោះបានស្តីបន្ទោសគេដោយប្រើពាក្យមិនសមរម្យជាច្រើនបង្ករជាជម្លោះធ្វើអោយគេផ្ទុះកំហឹងទើបគេបើករថយន្តរបស់បងស្រីធម៌នោះបំបុកសសរក្នុងក្លឹបជាច្រើនលើកដើម្បីបញ្ចេញកំហឹង និងដកអាវុធខ្លីដែលគេទិញពីបុរសម្នាក់ដែលស្គាល់គ្នាក្នុងក្លឹបក្នុងតម្លៃ ១៥០០ដុល្លារ បាញ់ឡើងលើមេឃ៤គ្រាប់បញ្ចេញកំហឹងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

 

 

COMMENTS