ស្ទើតែមិនជឿនឹងភ្នែក!! ក្មេងប្រុសវ័យ ៩ឆ្នាំម្នាក់លួចឡានក្រុង ហើយបើកលេងពេញទីក្រុង អស់រយៈពេលជាង…

ចិន៖ កាលពីដើមសបា្តហ៍នេះ វីដេអូដែលបង្ហាញពីក្មេងប្រុសអាយុ ៩ឆ្នាំមួយរូបដែលរស់នៅក្នុងទីក្រុង ក្វាងចូវ ប្រទេសចិន បានកក្រើកក្នងបណ្ដាញសង្គមចិនជាខ្លាំង។ ក្នុងវីដេអូបង្ហាញឲ្យឃើញពីសកម្មភាពក្មេងប្រុសនេះ បើកបរឡានក្រុងជុំវិញទីក្រុង ធ្វើឲ្យអ្នកដំណើរជាច្រើនដែលបានឃើញផ្ទាល់ភ្នែកតក់ស្លុត ភ្ញាក់ផ្អើលនិងមានការយល់ច្រឡំ មិនចង់ជឿចំពោះអ្វីដែលពួកគេបានឃើញ។

បើយោងតាមវេបសាយ Shanghaiist ប្រជាជនដែលបានឃើញសកម្មភាពរបស់ក្មេងប្រុសបើកបររថយន្តក្រុង ហើយមានការព្រួយបារម្ភ ខ្លាចមានហេតុការណ៍មិនល្អកើតឡើងនោះ ក៏បានធ្វើការរាយការណ៍ទៅកាន់ប៉ូលីស ។ ៤០នាទីក្រោយមក ក្មេងប្រុសដែលមិនត្រូវបានគេស្គាល់ឈ្មោះ ក៏ត្រូវប៉ូលីសចាប់បាន ហើយនាំខ្លួនទៅកាន់ប៉ុសិ៍ប៉ូលីស ដើម្បីសាកសួរចម្លើយ គេមិនបានឆ្លើយតបនឹងសំណួររបស់ប៉ូលីសឡើយ ដោយគិតតែយកដៃមកបាំងមុខពេលដែលត្រូវសួរ។
ប៉ុន្តែទោះជាយ៉ាងណា វាចាត់ទុកជាសំណាងល្អមួយដែលក្មេងប្រុសនេះចេះកាច់ចង្កូតឡានមិនឲ្យប៉ះ ឬបុកត្រូវនរណាម្នាក់ឡើយ។ អាជ្ញាធរ ក៏មិនច្បាស់ដែរអំពីរបៀបដែលក្មេងប្រុសរូបនេះធ្វើយ៉ាងណាទើបអាចលួចឡានក្រុងបាន ប៉ុន្តែក្នុងវីដេអូបង្ហាញថាទ្វារកញ្ចក់ផ្នែកខាងមុខរបស់ឡានក្រុងត្រូវបានគេវាយបំបែក ដែលបង្ហាញថាក្មេងប្រុសនេះប្រហែលជាវាយបំបែកកញ្ចក់ទ្វារដើម្បីចូល។ ខណៈដែលក្មេងប្រុសមានអាយុតិចពេក គេមិនត្រូវបានទទួលនូវបទចោទប្រកាន់នូវបទល្មើសណាមួយឡើយ ហេតុនេះគេក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឪពុកម្ដាយវិញមិនយូរប៉ុន្មាន ក្រោយពីការចាប់ឃាត់សួរនាំ៕

ប្រភព៖ Shanghaiist

 

COMMENTS