សាហាវខ្លាំង!! កាលពីឆ្នាំមុន Note 7 ត្រូវបានហាមឃាត់មិនឲ្យយកចូលព្រលានយន្ដហោះដាច់ខាត ប៉ុន្ដែសម្រាប់ពេលនេះក្រុមហ៊ុន Samsung បានចែកជូន Note 8 ដោយឥតគិតថ្លៃម្នាក់មួយក្នុងយន្ដហោះតែម្ដង

ជាការពិតណាស់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Samsung ធ្លាប់ទទួលបានការធ្លាក់ចុះម្ដងរួចមកហើយកាលពីជំនាន់ Galaxy Note 7។ ក្នុងពេលនោះ កំពូលស្មាតហ្វូននេះបានបង្កគ្រោះថ្នាក់ជាច្រើន ហើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺ វាត្រូវបានហាមឃាត់មិនឲ្យយកចូលព្រ​លាន​យន្តហោះទៀតផង។ ប៉ុន្ដែសម្រាប់ពេលនេះគឺខុសគ្នា កាលពីប៉ុន្មានខែកន្លងទៅនេះក្រុមហ៊ុន Samsung បានប្រកាសចេញលក់នូវកំពូលស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Note ដែលអាចធានាសុវត្ថិភាពបានមួយរយភាគរយ។

ដើម្បីជាការបញ្ជាក់ ក្រុមហ៊ុន Samsung ប្រចាំប្រទេសអេស៉្បាញបានរំលឹកនូវអតីតកាលឆ្នាំមុន តាមរយៈការបង្ហាញនូវកំពូលស្មាតហ្វូន Galaxy Note 8 និងធ្វើឲ្យអ្នកដំណើរតាមយន្ដហោះទាំងនោះភ្ញាក់ផ្អើលជាខ្លាំងដោយក្រុមហ៊ុនបានសម្រេចចែកជូនស្មាតហ្វូននេះចំនួន 200គ្រឿងដោយឥតគិតថ្លៃតែម្ដងនៅលើយន្ដហោះនោះផ្ទាល់។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរជើងយប់ជ្រៅ Iberia ពីទីក្រុង Madrid ទៅ A Coruña, Galicia មិនបានរំពឹងឡើយថានឹងទទួលបានកាដូឥតគិតថ្លៃដែលមានតម្លៃលើសសំបុត្ររបស់ពួកគេបែបនេះនោះទេ ហើយការភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពី Iberia ចាប់ផ្តើមផ្សព្វផ្សាយទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 8។

នៅលើជើងហោះហើរក្នុងស្រុកនោះមានអ្នកដំណើរប្រមាណជា 200នាក់ ហើយពួកគេម្នាក់ៗបានទទួលកំពូលស្មាតហ្វូន Galaxy Note 8 មួយដោយឥតគិតថ្លៃតែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅលើប្រអប់នៃស្មាតហ្វូនដែលចែកជូនឥតគិតថ្លៃនេះបានសរសេរពាក្យមួយឃ្លាថា “ឆ្នាំមុន យើងសំណូមពរឲ្យអ្នកបិទទូរស័ព្ទ ប៉ុន្ដែសម្រាប់ថ្ងៃនេះយើងសូមស្វាគមន៍លោកអ្នកសារជាថ្មី។”

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS