Galaxy S9 ចេញមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវបែកធ្លាយឈ្មោះថ្មីរបស់ Galaxy S10 ថែមទៀត! អក្សរ S ប្រហែលជាឈប់ប្រើហើយ តែជំនួសមកវិញដោយ…

យោងតាមពាក្យចចាមអារាមដែលបានលើកឡើងក្នុងពេលបច្ចុប្បន្ននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការផ្លាស់ប្ដូរឈ្មោះសម្រាប់កំពូលស្មាតហ្វូនត្រកូល S ជំនាន់ក្រោយ។ ស្របពេលជាមួយនឹង Galaxy S9 ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី25 កន្លងទៅនេះ យើងអាចសន្មត់បានថា ជំនាន់ថ្មីនៃត្រកូល S នេះនឹងមានឈ្មោះថា Samsung Galaxy S10។

យោងតាមលោក DJ Koh ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Samsung បានលើកឡើងនូវតម្រុយមួយចំនួនក្នុងព្រឹត្តិការណ៍ Mobile World Congress 2018 ថា Samsung អាចនឹងបញ្ឈប់ការប្រើប្រាស់ឈ្មោះ S ដែលជាត្រកូលមានស្រាប់តំណាងឲ្យស្មាតហ្វូនកំពូលរបស់ខ្លួន ហើយសម្រាប់ Galaxy S10 អាចនឹងជាម៉ូដែលដំបូងដែលនឹងទទួលបានឈ្មោះថ្មីនេះ។

ជាការពិតណាស់ នេះមិនមែនជាលើកទីមួយឡើយដែលយើងទទួលបានពាក្យចចាមអារាមទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះនេះ ប៉ុន្ដែក្រុមហ៊ុន Samsung ហាក់ដូចជាមិនទាន់បើកការប្រកាសផ្លូវការណាមួយឡើយ។ ទោះជាយ៉ាងណា អតិថិជនជាច្រើននៅតែមានជំនឿចិត្តថា ត្រកូល S នឹងត្រូវបានផ្លាស់ប្ដូរឈ្មោះត្រឹមជំនាន់ S10 នេះឯង។

គួរបញ្ជាក់ផងដែរថា Galaxy S10 ដែលនឹងបង្ហាញខ្លួនឆ្នាំក្រោយ អាចនឹងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា Galaxy X វិញ។ ហើយសម្រាប់មូលហេតុនៃការផ្លាស់ប្ដូរនេះ គឺអាចដោយសារតែក្រុមហ៊ុន Samsung ចង់កែប្រែលើការប្រើប្រាស់ឈ្មោះជាអក្សរ មកជាលេខវិញ ហើយសម្រាប់ X គឺបានន័យថាលេខ10 ក្នុងចំនួនរ៉ូម៉ាំង។

ទោះជាយ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។ សម្រាប់ការពិតយ៉ាងណា អ្នកទាំងអស់គ្នាត្រូវរងចាំរយៈពេលយូរទៀត គឺរហូតដល់ឆ្នាំក្រោយឯណោះ។ មួយវិញទៀត ប្រសិនបើការផ្លាស់ប្ដូរនេះគឺជាពិត នោះយើងជឿជាក់ថា ក្រុមហ៊ុន Samsung នឹងមិនមែនផ្លាស់ប្ដូរតែឈ្មោះសម្រាប់កំពូលស្មាតហ្វូនខ្លួនទេ ពោលគឺសម្រាប់លក្ខណៈពិសេស សមត្ថភាព និងគុណភាពក៏ត្រូវបានអភិវឌ្ឍន៍ដូចគ្នាដែរ។

Fu

ប្រភព៖ sammobile