សូមប្រយ័ត្នអ្នកចូលចិត្តទុក Power Bank ចោលនៅក្នុងរថយន្ត នេះហើយជាលទ្ធផល

ម៉ាឡេស៊ី៖ ដោយសាតែតម្រូវការនៃការប្រើប្រាស់ទូរស័ព្ទ Smartphone ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗចេះកើនឡើងនោះ ការប្រើប្រាស់ Power Bank ដើម្បីបញ្ចូលថាមពលទៅកាន់ទូរស័ព្ទវិញក៏បានកើនឡើងដែរ។ Power Bank អាចជួយដោះស្រាយបញ្ហាថាមពល ទូរស័ព្ទរបស់លោកអ្នកបាន តែវាក៏អាចបង្កទៅជាបញ្ហាបានដែរ ប្រសិនបើលោកអ្នកទុកដាក់វាមិនបានត្រឹមត្រូវ។ ជាក់ស្តែង នៅក្នុងចំណតរថយន្តសាធារណៈមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានកើតបញ្ហាមួយគឺ Power Bank ដែលគេបានទុកចោលនៅក្នុងរថយន្តក្រោមកំដៅថ្ងៃដ៏ក្តៅនោះ បានឆេះផ្ទុះ និងបង្កឲ្យមានការឆាបឆេះដល់រថយន្តទៀតផង។

សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នេះបានប្រាប់ប៉ូលិសថា ខណៈដែលគាត់បានដើរកាត់រថយន្តនោះ ស្រាប់តែគាត់បានឃើញមានផ្សែងហុយឡើង នៅក្នុងរថយន្ត ហើយនៅពេលដែលគាត់ក្រឡេកមើលទៅក្នុងរថយន្តគាត់បានឃើញ Power Bank ដែលគេដាក់ចោលនៅលើ កៅអីសម្រាប់អង្គុយកំពុងតែចេះ។ ក្រោយការប្រទះឃើញនេះ គាត់បានប្រញាប់រត់ទៅប្រាប់មន្រ្តីប៉ូលិសដែលនៅក្បែរនោះ និង បានចុចសញ្ញាប្រកាសអាសន្ននៅក្នុងចំណតរថយន្តនោះទៀតផង។ តាមរយៈហេតុការណ៍នេះ សូមលោកអ្នកប្រើប្រាស់ Power Bank ទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងទុកដាក់ឲ្យបានត្រឹមត្រូវ៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS