បុរសចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

តាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពត៌មានពិកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក អឹមដេ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរ្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបានបត់ម៉ូតូឆ្លងផ្លូវទៅទិសខាងកើតតែមិនបានប្រយ័ត្នត្រូវរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ  ភ្នំពេញ 2A-7442 ដែលធ្វើដំណើរមកពីទិសខាងកើតបុកពេញទំហឹងបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះខាងលើមានឈ្មោះ សែន ជឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ​ មានទីលំនៅក្នុងភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយកើតហេតុ រថយន្តបង្ករបានព្យាយាមជិះគេចខ្លួនបានប្រមាណ១គីឡូម៉ែត្រត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់រង់ចាំការដោះស្រាយជាបន្ត ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

COMMENTS