ប្តីប្រពន្ធមួយគូត្រូវឃាតករចូលទៅកាប់សម្លាប់ដល់ក្នុងផ្ទះជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងត្លុកឈាមយ៉ាងអនោចអធ័ម

ត្បូងឃ្មុំ៖ ករណីឃាតកម្ម ជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវជនសង្ស័យមិនស្គាល់មុខចូលតៅកាប់សម្លាប់ដល់ក្នុងផ្ទះបណ្តាលអោយស្លាប់ក្នុងត្លុកឈាមយ៉ាងអនោចអធ័មដោយមិនដឹងមូលហេតុថាមកពីបញ្ហាគំនុំឬករណីប្លន់សម្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ គឹម សេងគាង អាយុ៤៨ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ហួច ពៅ អាយុ៤៥ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ។ សមត្ថកិច្ចបានអោយដឹងដែរថា ជនសង្ស័យបានប្រើកាំបិតកាប់ទៅើជនរងគ្រោះជាច្រើនកាំបិតទើបបណ្តាលអោយជនរងគ្រោះស្លាប់ទាំង២នាក់ហើយជនសង្ស័យគេចខ្លួនបាត់ដោយសុវត្ថិភាព។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពជនរងគ្រោះទាំង២នាក់​ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS