ជិតចូលរោងការផងត្រូវរថយន្តដឹកដីបើកបុកបាក់ជើងគូដណ្តឹងយំបោកខ្លួន

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខណៈដែលថ្ងៃចូលរោងមង្គលការជិតមកដល់ទៅហើយបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តដឹកដីបើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ចំណែកគូដណ្កឹងរងរបួសស្រាល ហេតុការណ៍នេះកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ស្រីណា អាយុ២១ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារនៅហាង អាម៉ាស៊ោន ក្បែរស្តុបពេទ្យចិន បើតាមយុវជនម្នាក់អះអាងថា ត្រូវជាគូដណ្តឹង នារីរងគ្រោះបានបង្ហើបឲ្យដឹងថា នាងជិតចូលរោងមង្គលការខែក្រោយនេះហើយ ។ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក និចពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-6852 រួមដំណើរជាមួយយុវជនម្នាក់ត្រូវជាគូរដណ្តឹង ។ ចំណែករថយន្តបង្ក ម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2522 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុគេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូរួមដំណើរជាមួយយុវជនម្នាក់ តាមបណ្តោយផ្លូវបេតុងខាងលើ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កបើកស្របទិសគ្នាគេចពីរថយន្តខាងមុខជ្រុលទៅបុកពីក្រោយ ម៉ូតូជនរងគ្រោះដួលអូសជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ បាក់ជើងធ្ងន់ពេក ត្រូវបានរថយន្ត គ្លីរស្មី ហៅ ខឹម រ៉ានី ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យព្រះកុសុមៈវិញ បើស្រាលទើបដឹកចូលគ្លីនិក ។ ចំណែករថយន្តបងហកនិងម៉ូតូ ត្រូវបាន នគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញអធិការខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

បក្សីចាំក្រុង

COMMENTS