អគ្គីភ័យលេបត្របាក់ឃ្លាំងស្តុកគ្រឿងសំណង់ស្ទើរទាំងស្រុង ផ្អើលអស់សមត្ថកិច្ចទាំងកណ្តាលយប់

រាជធានីភ្នំពេញ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះឃ្លាំងស្តុកថ្នាំលាបផ្ទះ និងគ្រឿងសំណង់មួយកន្លែងយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងក្រុមទី១ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភ្លាម កម្លាំងអាជ្ញាធរចម្រុះ មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងក្រុមពន្លត់អគ្គីភ័យជាច្រើនបានចុះអន្តរាគមន៍នៅកន្លែងកើតហេតុតែម្តង។ គ្រោះអគ្គីភ័យនោះបានលេបត្របាក់ឃ្លាំងស្តុកថ្នាំលាប និងគ្រឿងសំណង់ស្ទើរទាំងស្រុង ដោយសារតែស្ថានភាពផ្លូវចូលទៅមានលក្ខណៈចូលចង្អៀត ពិបាកដល់រថយន្តពន្លត់អគ្គីភ័យចូលទៅពន្លត់។

គ្រោះអគ្គីភ័យនេះមិនបានបង្កគ្រោះថ្នាក់ ឬរងរបួសនរណាម្នាក់ឡើង ហើយកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៦គ្រឿង ទើបបាញ់រលត់ទាំងស្រុង១០០ភាគរយ ចំពោះមូលហេតុបង្កឲ្យកើតហេតុគ្រោះអគ្គីភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ រងចាំសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យនៅពេលក្រោយ៕

COMMENTS