បង្ហោះខ្លែងពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់តែម្តង

ខេត្តត្បូងឃ្មុំ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមគ្នា៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយត្រូវរន្ទះបាញ់ ខណៈពេលរូបគេកំពុងតែបង្ហោះខ្លែងលេងពេលមេឃភ្លៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែ (ដីទួល) ខាងកើតភូមិចំងាយ៧០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ សៅ វិសាល ភេទប្រុស អាយុ១១ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុមានក្មេងៗ៣នាក់ទៀតបាននាំគ្នាបង្ហោះខ្លែងលេង ខណៈពេលនោះមេឃបានធ្លាក់ភ្លៀង ពួកគេក៏បាននាំគ្នារុំខ្សែខ្លែងត្រលប់មកផ្ទះវិញ ​តែអកុសលត្រូវរន្ទះបាញ់ បណ្ដាលឲ្យក្មេងប្រុសខាងលើស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង ។

ក្រោយទទួលបានព័ត៌មានជំនាញ សហកាជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពអញ្ចើម ចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារ បាតុភូតធម្មជាតិរន្ទះបាញ់ ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ ​ហើយសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

COMMENTS