មិនគួរឲ្យជឿ! លោកតាពិការភ្នែកទាំងគូម្នាក់អាចប្រកបរបរជាជាងជួសជុលកង់-ម៉ូតូបានអស់រយៈពេល ៣០ ឆ្នាំមកហើយ

ចិន៖ លោកតាពិបាកភ្នែកម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគាត់មានសមត្ថភាពអាចជួលជុលកង់ និងម៉ូតូ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតបាន បើទោះភ្នែកទាំងសងខាងរបស់គាត់មើលអ្វីមិនឃើញក៏ដោយ។ លោកតាម្នាក់នេះមានឈ្មោះថា Zhu Shuyou អាយុ ៦០ ឆ្នាំ រស់នៅក្នុងក្រុង Yibin ខេត្ត Sichuan ប្រទេសចិន។

បើតាមម្តាយចំណាស់វ័យ៨៤ឆ្នាំរបស់គាត់ បានឲ្យដឹងថាលោកតា Zhu Shuyou ពិការភ្នែកដោយសារតែជំងឺតាំង ពីគាត់មានអាយុ៦ឆ្នាំមកម្លះ ហើយគាត់មិនបានចូលរៀននៅក្នុងសាលានោះទេ។ ដើម្បីប្រកបរបរចិញ្ចឹមជីវិត លោកតាម្នាក់នេះបានខិតខំរៀនជួលជុលកង់និងម៉ូតូដោយខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់គាត់អាចសមត្ថភាពជួលជុលកង់ និងម៉ូតូបាន។

ក្រុមអ្នកសារព័ត៌មានដែលបានចុះទៅផ្ទះលោកតានេះផ្ទាល់បានមើលឃើញថា លោកតាគ្រាន់តែសួរពីបញ្ហារបស់កង់និងម៉ូតូទៅកាន់ម្ចាស់ និងស្លាប់សំឡេងចេញពីកង់និងម៉ូតូ គឺធ្វើឲ្យលោកតាអាចដឹងបានភ្លាមថាជាបញ្ហាអ្វីឲ្យប្រាកដ និងអាចជួលជុល ឬផ្លាស់គ្រឿងបន្លាស់ទាំងនោះបានតែម្តង។ អតិថិជនរបស់លោកភាគច្រើនគឺជាអ្នកភូមិរបស់គាត់ ហើយមកទល់នឹងពេលនេះលោកតាបានប្រកបរបរនេះអស់រយៈពេល ៣០ ឆ្នាំហើយ។

ចំពោះតម្លៃនៃការជួលជុលវិញគឺ លោកតាយកត្រឹមតែថ្លៃដើមនៃសម្ភារ បូកជាមួយនឹងសេវា ១០ % នៃតម្លៃដើមសម្ភារតែប៉ុណ្ណោះ។ ចុងក្រោយលោកតាបាននិយាយថា បើទោះជាគាត់ពិការភ្នែកក៏ដោយ គាត់មិនមានអារម្មណ៍ថាខ្លួនឯងអន់ជាងគេនោះទេ ព្រោះអាចរកប្រាក់បានដោយខ្លួនឯង និងរស់ដោយខ្លួនឯង៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS