មន្ត្រីកាំកុងត្រូលធ្វើការដុតកំទេចសាច់មាន់ខូចគុណភាពប្រមាណជិត៥០០គីឡូក្រាម ដែលបម្រុងនឹងនាំចូលយកមកលក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ មន្ត្រីកាំកុងត្រូលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានធ្វើការឆែកឆែរនិងចាប់បានរទេះមួយដែលកម្មករអូសចេញពីដីថៃនាំចូលមកកម្ពុជា ដោយរទេះនោះមានដឹកសាច់មាន់ចម្រុះខូចគុណភាពសរុបប្រមាណ៤៦០គីឡូក្រាម​ ដែលក្នុងនោះរួមមានគ្រឿងក្នុងមាន់ ឆ្អឹងមាន់ និងក្រញាំុជើងមាន់ ដោយឡែកកម្មករដែលអូសរទេះនោះបានរត់គេចខ្លួនបាត់ស្រមោល។

នៅព្រឹកថងៃទី១៩ ខែតុលា​ ឆ្នាំ២០១៧ មន្ត្រីជំនាញសហការជាមួយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតយកសាច់មាន់ដែលខូចគុណភាពទាំងនោះទៅដុតកម្ទេចចោល មិនតែប៉ុណ្ណោះសមត្ថកិច្ចពាក់ព័ន្ធក៏បាននឹងកំពុងតែធ្វើការបង្ក្រាបពួកឈ្មួញដែលនៅតែបន្តនាំចូលផលិតផលខូចគុណភាពទាំងនោះយកមកលក់អោយប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះដែល មន្ត្រីកាំកុងត្រូលបានសំណូមពរអោយប្រជាពលរដ្ឋមានការប្រុងប្រយ័តន្អោយបានខ្ពស់ចំពោះការហូបចុក ចៀសវាងការទិញចំណីអាហារដែលខូចគុណភាព ឬមានជាតិគីមីមកទទួលទានព្រោះវាមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព៕

COMMENTS