ចូលបន្លំលួចម៉ូតូចេញពីកន្លែងផ្ញើរជិតបានសម្រេចហើយ មានអីកន្លែងផ្ញើស្គាល់ម្ចាស់ម៉ូតូត្រូវអស់ល័ក្ខវិញវាយទ្រោមខ្លួន

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានបន្លំដោយប្រើល្បិចចូលទៅលួចម៉ូតូចេញពីកន្លែងផ្ញើរ នឹកស្មានថាបានស្រួលងាយ តែប៉ះចំកន្លែងទទួលផ្ញើរម៉ូតូស្គាល់ម្ចាស់ម៉ូតូយ៉ាងច្បាស់ ទើបមានការសង្ស័យក៏ហៅមកសួរទើបដឹងថា ចោរចូលបន្លំលួចក៏បានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលជនសង្ស័យនេះបាត់មាត់ឆឺង រងរបួសធ្ងន់ដេកពេទ្យហេតុការណ៍កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ អាយុជាង២០ឆ្នាំ ក្រោយកើតហេតុពលរដ្ឋចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យសន្លប់ស្តូកនៅកន្លែង។ ចំណែកម៉ូតូ ដែលជនសង្ស័យប៉ុនប៉ងលួចតែមិនបានសម្រេច ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-9206 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ សុត ចន្ថន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានយកម៉ូតូទៅផ្ញើរនៅកន្លែងទទួលផ្ញើរម៉ូតូមុខផ្សារ រួចដើរចូលផ្សាររកទិញឥវ៉ាន់ លុះដើរចេញមកកន្លែងផ្ញើរម៉ូតូវិញ ស្រាប់តែឃើញគេចាប់ជនសង្ស័យ ដែលបានបណ្តើរម៉ូតូរបស់ជនរងគ្រោះចេញ ចំណែកឯអ្នកមើលការខុសត្រូវ ក៏ស្គាល់ម្ចាស់ម៉ូតូនឹងទៀត ឃើញដូច្នោះ នាំគ្នាសូមស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យដេកសន្លប់ស្តូកនៅកន្លែង ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ អន្តរាគមន៍ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ស្ថិតក្រោមការការពារ ពីសមត្ថកិច្ចផងដែរ៕

បក្សីចាំក្រុង

COMMENTS