អតិថិជនអ៊ីម៉ាន់នីកាន់តែងាយស្រួលក្នុងការទិញសំបុត្រយន្តហោះពីក្រុមហ៊ុន Cambodia Angkor Air

កាលពីពេលថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មវេរប្រាក់អ៊ីម៉ាន់នីឈានមុខគេ និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានធ្វើកិច្ចសហការចាប់ដៃគ្នាក្នុងការផ្តល់ជូននូវសេវាកម្មទិញសំបុត្រយន្តហោះតាមរយៈកម្មវិធី eMoney លើទូរស័ព្ទដៃ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនអ៊ីម៉ាន់នីទាំងអស់។

ការសហការនេះនឹងផ្តល់ជូនអតិថិជនអ៊ីម៉ាន់នីទាំងអស់ដែលមានគណនីអ៊ីម៉ាន់នីរួចជាស្រេចអាចទិញសំបុត្រយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ពីគណនីរបស់ពួកគេ ឬពីភ្នាក់ងារអ៊ីម៉ាន់នីបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅទិញនៅតាមភ្នាក់ងារលក់សំបុត្រយន្តហោះ ក្រុមហ៊ុនទេសចរណ៍ ឬភ្នាក់ងារផ្សេងៗទៀតឡើយ។ដោយគ្រាន់តែមាន Smartphone ហើយទាញយកកម្មវិធី eMoney ទៅក្នុងទូរស័ព្ទដៃរបស់ពួកគេ នោះរាល់ប្រតិបត្តិការទាំងអស់ពីសេវាកម្មអ៊ីម៉ាន់នីនឹងស្ថិតនៅលើទូរស័ព្ទដៃតែមួយ។

តំណាងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «កំណើនអតិថិជនអ៊ីម៉ាន់នីរបស់យើងតែងតែកើនឡើងជាលំដាប់ ដូច្នេះហើយយើងចង់ផ្តល់ជូននូវភាពងាយស្រួល ទាន់សម័យទៅដល់ពួកគេដោយភាពជឿជាក់និងទំនុកចិត្តពីសេវាកម្មរបស់យើង។ នៅក្នុងកិច្ចសហការរវាងសេវាកម្មអ៊ីម៉ាន់នី និង Cambodia Angkor Air នេះនឹងធ្វើឲ្យអតិថិជនទាំងអស់ដែលមមាញឹកក្នុងការធ្វើដំណើរតាមយន្តហោះអាចមានពេលទិញសំបុត្រតាមរយៈទូរស័ព្ទដៃរបស់ពួកគេបានយ៉ាងងាយស្រួល និងសន្សំសំចៃពេលវេលាជាទីបំផុត»។

អ៊ីម៉ាន់នីគឺជាសេវាវេរប្រាក់ ដកប្រាក់ ទូទាត់វិក័យបត្រ និងទិញទំនិញតាម Online បានយ៉ាងងាយស្រួល និងទំនើបជាទីបំផុត។ សេវាកម្មអ៊ីម៉ាន់នីបង្កើតឡើងដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តមិត្តហ្វូនចាប់តាំងពីឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះមានភ្នាក់ងារសម្រាប់ធ្វើប្រត្តិបត្តិការជាង ៥០០០ទីតាំងទូទាំងប្រទេសកម្ពុជា។

COMMENTS