ជិះម៉ូតូទៅយកសង្សារចេញពីធ្វើការ ស្រាប់តែត្រូវរថយន្តបុកស្លាប់យ៉ាងអនោចអធ័ម

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាស្តានិងម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីកែងនឹងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-2244 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងគោលបំណងទៅឌុបសង្សារនៅខារ៉ាអូខេម្តុំផ្សារឈូកមាស លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្ករម៉ាកម៉ាស្តាមួយបាំងកន្លះមិនចាំស្លាកលេខ បើកបរក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយម៉ូតូជនរងគ្រោះគៀបជាប់រថយន្ត ហើយរថយន្តព្យាយាមបើកគេចខ្លួនទាំងម៉ូតូជនរងគ្រោះនៅជាប់រថយន្តបានប្រមាណជាងកន្លះគីឡូដីទើបខ្ទាតម៉ូតូចេញពីរថយន្ត ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយរថយន្តបង្ករជិះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះខាងលើមានឈ្មោះ ទ្រី សីហា ភេទប្រុស អាយុុ៣២ឆ្នាំ មុខរបរជាងើ ស្នាក់នៅផ្ទះជួលម្តុំវត្តញ្ញាណរង្សី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយកើតហេតុ រថយន្តសងគ្រោះបានដឹកសាកសពជនរងគ្រោះមកកន្លែងកើតហេតុវិញ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនីស្រុកកំណើត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ករអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

 

COMMENTS