២នាក់ម្តាយកូនប្រកបរបរលក់គ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ម្តាយកូន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋមកថាមានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះជនសង្ស័យខាងលើទើបសមត្ថកិច្ចដាក់កម្លាំងចុះទៅធ្វើការឆែកឆេរភ្លាមៗ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ម្តាយកូន និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ម៉ាទឹកកក១កញ្ចប់ធំ និងសម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ុត សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ក្រុងភ្នំពេញ ក្នុងតម្លៃ២០មុឺនរៀល យកមកអោយម្តាយឈ្មោះ ហៀប ឈន អាយុ៦០ឆ្នាំ ខ្ចប់ជាកញ្ចប់តូចៗលក់ក្នុងតម្លៃ២មុឺនរៀលក្នុងមួយកញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS