ដោយសារតែពាក្យ “I Love You” ធ្វើឲ្យស្ត្រីជាប្រពន្ធចាក់ប្តីមួយកាំបិតចំទ្រូង

សិង្ហបុរី៖ ស្រ្តីជាប្រពន្ធម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាងបានយកកាំបិតចាក់ប្តីរបស់នាង ព្រោះតែភ្លើងប្រចណ្ឌ។ ស្រ្តីម្នាក់នេះមាន ឈ្មោះថា Nur Fairuzana Ahmad អាយុ៣០ឆ្នាំ ហើយប្តីរបស់គាត់មានឈ្មោះថា Muhammad Yasser Abdul Shukor សព្វថ្ងៃពួកគេរស់នៅក្នុងប្រទេសសិង្ហបុរី។ ក្នុងថ្ងៃកើតហេតុប្តីប្រពន្ធទាំងពីរនាក់នេះស្ថិតនៅក្នុងបន្ទប់គេងជាមួយគ្នា ស្រាប់តែពេលនោះប្តីរបស់នាងបានផ្ញើសារជាសំលេងជាមួយនឹងមិត្តស្រីលួចលាក់ ដោយនិយាយថា I love you​ ។

ពាក្យនេះបានធ្វើឲ្យស្រ្តីជាប្រពន្ធខឹងយ៉ាងខ្លាំង និងបានស្ទុះទៅដណ្តើមទូរស័ព្ទពីប្តី រហូតកើតជាជំលោះហឹង្សាខ្លាំងមួយ។ ក្នុងជំលោះនេះស្ត្រីជាប្រពន្ធបាន ស្ទុះទៅ យកកាំបិតមកដាក់ចំទ្រូងរបស់ប្តី បង្កឲ្យមានស្នាមរបួសទំហំ៣សង់ទីម៉ែត្រ និងជម្រៅ១សង់ទីម៉ែត្រ។ ​ក្រោយហឹង្សានេះបានកើតឡើង បុរសជាប្តីបានប្តឹងប៉ូលិស ហើយប៉ូលិសបានធ្វើការចាប់ខ្លួនស្រ្តីខាងលើ និងសម្រេចដាក់គុកចំនួន៦សប្តាហ៍ពីបទប្រើហឹង្សាដោយចេតនា។ ខាងប៉ូលិសបានឲ្យដឹងទៀតថា ប្តីប្រពន្ធនេះបានរៀបការជិត១០ឆ្នាំហើយ តែមួយរយៈចុងក្រោយនេះ ប្តីរបស់នាងបាសូមនាងលែងលះ ដើម្បីទៅរៀបការជាមួយស្រ្តីផ្សេងទៀត តែស្រ្តីជាប្រពន្ធមិនព្រម។ ហើយជំលោះចេះតែកើត មានជាហូរហែ រហូតដល់ផ្ទុះហឹង្សាខាងលើនេះ៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS