នាំគ្នាមកសំងំជក់គ្រឿងញៀននៅមាត់ព្រែក ត្រូវប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន

កណ្តាល៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈពេលពួកគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចចុងព្រែកចឹងសាង ស្ថិតក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង២៣នាទឿរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានទទួលពត៌មានពីប្រជាពលរដ្ឋថា មានក្មេងកំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុ ហើយសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុភ្លាមៗឃើញជនសង្ស័យទាំង២នាក់កំពុងអង្គុយលើម៉ូតូ ភ្លាមនោះស្រាប់តែជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ តែសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតាមក្រោយ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ ភ័ណ្ឌ វាសនា ហៅប្រឹមប្រិយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិឃុំកើតហេតុ និងឈ្មោះ ភៀន សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាហុីង ឃុំព្រែកដាច ស្រុកលើកដែក ខេត្តកណ្តាល ទាំង២នាក់ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងតំបន់ស្គាល់ថាជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអោយផ្នែកជំនាញធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋានស្រុកចាត់ការជាបន្តតាមផ្លូវច្បាប់៕

COMMENTS