លើកនេះជួលផ្ទះវីឡាតែម្តង! ឃាត់ខ្លួនជនជាតិចិន២០នាក់ ជាប់ពាក់ព័ន្ធពីបទជម្រិតទារប្រាក់តាមអុីធឺណេត

កណ្តាល៖ សមត្ថកិច្ចបានចុះប្រតិបត្តិការឆែកឆេរផ្ទះវីឡាមួយកន្លែង និងធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២០នាក់ ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់តាមអុីនធឺណេត ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចមណុចផ្ទះលេខ០៩៩១ តាមបណ្តោយផ្លូវជាតិ២១អា ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា កាលបីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ប៉ូ សេងលាង អនុប្រធាននាយកដ្ឋានអនុវត្តនិតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល និងលោក ប៊ុត ចាន់ឌី នាយការិយាល័យអនុវត្តន៏នីតិវិធី ព្រមទាំងកំលាំងអន្តោប្រវេសន៍ស្រុកស្អាង និងកំលាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសិត្បូ បានចុះធ្វើការឆែកឆេរផ្ទះវីឡាខាងលើដែលជាកម្មសិទ្ធរបស់ឈ្មោះ គៀន សានកុសល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២០នាក់ដែលប្រកបរបរគម្រាមយកប្រាក់តាមប្រព័ន្ធអុីនធឺណេត (V O I P) និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជា កុំព្យូទ័រលើតុចំនួន២គ្រឿង, អាយផេត១គ្រឿង, ទូរស័ព្ទដៃ១៩គ្រឿង, កុំព្យូទ័រយួរដៃ២គ្រឿង និងដុំវ៉ាយហ្វាយចំនួន៤គ្រឿង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២០នាក់ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕

COMMENTS