បុរសជនជាតិចិនបើករថយន្តទៅបុករថយន្តធន់ធំ រងរបួសធ្ងន់ខ្លួនឯង

ស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរ បង្ករការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៦​ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-1412 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកកង់ក្រោយរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ានដាយ ពណ៌ខៀវ គ្មានស្លាកលេខ បណ្តាលអោយអ្នកបើកបររថយន្តហាយលែនឌ័ររងរបួសធ្ងន់ធ្ងរ។ អ្នកបើកបររថយន្តហាយលែនឌ័រខាងលើមានឈ្មោះ ចិន ហានប៊ីន ភេទប្រុស ជនជាតិចិន ជាបុគ្គលិករោងចក្រអេលីត រងរបួសបែកក្បាលជាង១០ថ្នេរ ចំណែកអ្នកបើកបររថយន្តហុីយ៉ានដាយ មានឈ្មោះ ជ័យ រ៉ាវី  ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនពន្លឺ​បូព៌ា​បាវិត ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS