ស្រ្តីម្នាក់ច្រលំរំលូតកូនប្រុសចោលដោយគិតថា ជាកូនស្រី ឥលូវស្តាយក្រោយមួយជីវិត ព្រោះមិនអាចមានកូនទៀត

ចិន៖ នៅក្នុងប្រទេសចិនប្រជាពលរដ្ឋភាគច្រើនបានឲ្យតម្លៃទៅលើកូនប្រុសខ្ពស់ជាងកូនស្រី រហូតដល់មានអ្នកខ្លះហ៊ានធ្វើការរំលូតកូនក្នុងផ្ទៃចោលទៀតផង ប្រសិនបើពួកគេដឹងថាកូនក្នុងផ្ទៃនោះជាកូនស្រី។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលចិនបានចេញច្បាប់ ហាមមិនឲ្យខាងមន្ទីរពេទ្យប្រាប់ពីអំពីភេទរបស់ទារកនៅក្នុងផ្ទៃទៅកាន់អាណាព្យាបាលឡើយ។

ជុំវិញបញ្ហានេះ មានរឿង អកុសលបានកើតឡើងចំពោះគ្រួសារមួយ ព្រោះតែបានរំលូតកូនប្រុសចោលដោយច្រលំគិតថាទារកក្នុងផ្ទៃជាកូនស្រី ហើយបន្ទាប់ពីការរំលូតនេះ ស្រ្តីជាម្តាយមិនអាចផ្ទៃពោះបានទៀតទេ។ ហេតុការណ៍នេះបានកើតឡើងចំពោះគ្រួសារមួយ ដែល រស់នៅក្នុងទីក្រុង Zhejiang ប្រទេសចិន។ គ្រួសារនេះមានកូនស្រីពីរនាក់រួចទៅហើយ និងកំពុងមានផ្ទៃពោះកូនទីបី។

ពួកគាត់ពិត ជាចង់បានកូនប្រុសខ្លាំងណាស់ ដូចនេះដើម្បីឲ្យដឹងច្បាស់ទារកក្នុងផ្ទៃជាកូនស្រី ឬប្រុសនោះ ពួកគាត់បានសម្រេចទៅគ្លីនិចដែល បើកដំណើរការដោយខុសច្បាប់មួយ ដើម្បីពិនិត្យមើលអំពីភេទរបស់ទារកនៅក្នុងផ្ទៃ។ លទ្ធផលរបស់គ្លីនិចដែលគ្មានអាជ្ញាប័ណ្ណ ត្រឹមត្រូវមួយនេះ បានបង្ហាញថាទារកនៅក្នុងផ្ទៃជាកូនស្រី ១០០%។

ដូចនេះខាងគ្រួសារបានសម្រេចធ្វើការរំលូតកូននេះតែម្តង តែពេលដែលរំលូតរួចទើបដឹងថា ទារកនោះជាកូនប្រុស ហើយដោយវេជ្ជបណ្ឌិតនៅក្នុងគ្លីនិចខាងលើគ្មានជំនាញច្បាស់លាស់ វាបានធ្វើឲ្យស្រ្តីជាម្តាយ បាត់បង់សម្ថភាពមានផ្ទៃពោះកូនបន្ទាប់ទៀត។ បន្ទាប់ពីមានហេតុការណ៍នេះ ខាងគ្រួសារបានទៅប្ដឹងប៉ូលិស ហើយខាងប៉ូលិសកំពុងតែដោះស្រាយបញ្ហាយ៉ាងពិបាកបំផុត ព្រោះតែខាងគ្លីនិចក៏ខុសហើយខាងគ្រួសារជនរងគ្រោះក៏លួចលាក់ធ្វើការរំលូតកូនដោយខុសច្បាប់ដែរ៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS