យុវជនម្នាក់ទម្លាប់ញ៉ាំភេសជ្ជៈមានជាតិកាបូនអ៊ីដ្រានរាល់ថ្ងៃ រហូតដល់ដើរលែងរួច

ម៉ាឡេស៊ី៖ ជំងឺទឹកនោមផ្អែមមិនត្រឹមតែអាចកើតមាន ចំពោះមនុស្សចាស់នោះទេ តែវាក៏អាចកើតមានចំពោះយុវជនដែរ ក្នុងករណីកម្រមួយចំនួន។ ជាក់ស្តែងនៅក្នុងប្រទេសម៉ាឡេស៊ីមានយុវជនម្នាក់បានកើតមានជំងឺទឹកនោមផ្អែម ហើយពេលនេះគេមិនអាចដើរបាននោះទេ។ យុវជនរូបនេះមានឈ្មោះថា Mahathir Mohammad អាយុ១៣ឆ្នាំ ហើយគេបានកើតមានជំងឺទឹកនោមផ្អែមរយៈពេល៥ឆ្នាំមកហើយ។ ម្តាយរបស់យុវជនរូបនេះបានឲ្យដឹងថា កូនគាត់ចូលចិត្តញ៉ាំភេសជ្ជៈដែលសម្បូរទៅដោយជាតិការបូនអ៊ីដ្រាតណាស់ជាពិសេសគឺទឹកសូដាតែម្តង។

ហើយទោះបីជាគេដឹងថាខ្លួនមានជំងឺ​នោមផ្អែម និងត្រូវតមចំណីអាហារមួយចំនួនក៏ដោយ ក៏រូបគេនៅតែលួចញ៉ាំប្រភេទភេសជ្ជៈខាងលើនេះរាល់ថ្ងៃដែរ ដូចនេះវាបានធ្វើឲ្យជំងឺរបស់គេ តែធ្ងន់ធ្ងរបន្ថែមទៀត។ កាលពីឆ្នាំទៅយុវជនរូបនេះមានដំបៅនៅលើជើង ហើយវាបានរលួយ មានក្លិនស្អុយ ដែលមានវេជ្ជបណ្ឌិតម្នាក់បានណែនាំឲ្យធ្វើការកាត់ជើងនេះចោលដើម្បីរក្សាជីវិតជនរងគ្រោះ។ យ៉ាងណាក្តី ម្តាយរបស់គេមិនយល់ព្រមនោះទេ ហើយបាននាំគេទៅមន្ទីរពេទ្យជំនាញមួយទៀត។

មន្ទីរពេទ្យជំនាញនេះ មិនតម្រូវឲ្យកាត់ជើងនោះទេ គេអាចព្យាបាលដោយរក្សាទុកជើងទាំងសងខាងបាន តែយ៉ាងណាក្តី ជនរងគ្រោះនៅតែមិនអាចដើរបាន ដូចធម្មតានោះទេ ត្រូវអង្គុយលើរទះរុញ និងវារជាដើម។ យុវជនរូបនេះមិនបានទៅរៀនដូចយុវជនផ្សេងទៀតទេ ហើយពេលនេះ ម្តាយរបស់គេក៏គ្មានលុយច្រើនសម្រាប់ព្យបាលគេទៀតដែរ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជា ច្រើនក្តុកក្តួលក្នុងចិត្ត និងព្យាយាមរៃអង្គាសប្រាក់ដើម្បីជួយជនរងគ្រោះរូបនេះ៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS