ប្រជាពលរដ្ឋ​ នៅស្រុកបាធាយ ៧០០គ្រួសារ​ ទទួលបានអំណោយពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត

(ភ្នំពេញ)៖​ ប្រជាពលរដ្ឋរងគ្រោះ​ ដោយសារទឹកជំនន់​ ប្រមាណ៧០០គ្រួសារ​ ដែលរស់នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ត្រូវបានលោកអភិបាលខេត្ត​ កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ ចុះសួសុខទុក​ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ​ ពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត​ ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប​ លោក លី មីន​ បានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងពិធីសំណេះសំណាល​ និងសួសុខទុកបងប្អូនប្រជាពលរដ្ឋ​ រស់នៅ ភូមិទួលច័ន្ទ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​ ២៩​ ខែសីហា​ អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ មានប្រសាសន៍ថា​ សរុបប្រជាពលរដ្ឋ​ មានជាង៣ម៉ឺននាក់រងគ្រោះដោយសារទឹកជំនន់​ ហើយគិតមកដល់ថ្ងៃនេះ​ ទឹកបានបន្តឡើង​ លើសកម្រិតប្រកាសអាសន្ន។ ហើយបើតាមក្រសួងធនធានទឹក​ និងឧតុនិយម​ បានឲ្យដឹងថា​ ទឹកនឹងបន្តឡើងរយៈពេល៣ថ្ងៃ​ទៅមុខទៀត​ ទើបស្រក់ទៅវិញ។

ដើម្បីជាការជួយសម្រាល​ ទុកលំបាកប្រជាពលរដ្ឋ​ អាជ្ញាធរខេត្ត​និងមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត​ បាននាំ​យកអំណោយសប្បុរស ទៅចែកជូនប្រជាពលរដ្ឋ​ ដោយក្នុង​ មួយគ្រួសារទទួលបាន អង្ករ១បេ ទឹកត្រី១យួរ ត្រីខ១ឡូ និងមី១កេស។ អំណោយសប្បុរសដែលបានចែកជូនបងប្អូនរងគ្រោះសរុបជាទឹកប្រាក់មានចំនួន ២០,០០០ ដុល្លារ។

សូមជម្រាបផងដែរថា​ ខេត្តកំពង់ចាម​ បានជួបគ្រោះទឹកជំនន់​ចាប់តាំងពីថ្ងៃទី៣០​ ខែកក្កដា​ មក​ដល់ពេលនេះ​ បានបណ្តាឲ្យពលរដ្ឋប្រមាណ៣ម៉ឺន២ពាន់នាក់​ ជួបប្រទះបញ្ហា​ ។ ហើយក្នុងនោះមានពលរដ្ឋ​ ប្រមាណ១៦នាក់បានស្លាប់​ និង៥៤នាក់ផ្សេងទៀតរងរបួស​ ធ្ងន់ស្រាល​ ហើយមានការខូចខាតផលដំណាំ​ និង​ សត្វពាហនៈមួយចំនួនធំ៕