៥ ចំណុច ដែលធ្វើឲ្យ Ford Ranger 2019 កាន់តែលេចធ្លោ ក្នុងទីផ្សាររថយន្ត Pickup!

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Ford បានធ្វើការបង្ហាញនូវរូបរាងពិតរបស់រថយន្ត Pickup Ford Ranger ស៊េរីថ្មីឆ្នាំ 2019 នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់ខ្លួនក្នុងទីផ្សារប្រទេសថៃ។ ក្នុងនោះគេសង្កេតឃើញថា រថយន្តម៉ូដែល Pickup ជំនាន់ថ្មីនេះ បានធ្វើការកំណែប្រែថ្មី ទៅលើការរចនាម៉ូតផ្ទៃខាងមុខថ្មីទាំងស្រុង ដែលធ្វើឲ្យរថយន្ត Ford Ranger 2019 នេះមើលទៅកាន់តែកាច កាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែទាក់ទាញជាងមុនទៅទៀត។

រថយន្ត Ford Ranger 2019
រថយន្ត Ford Ranger 2019 គឺជាកំពូលរថយន្ត Pickup ដែលរចនាឡើងសំរាប់ជំនិះគ្រប់ឧបសគ្គនៃការបើកបរគ្រប់ស្ថានភាពផ្លូវ ដែលផ្តល់នូវភាពបត់បែនទៅតាមគ្រប់តម្រូវការរបស់អតិថិជន មិនថាសម្រាប់បើកបរក្នុងទីក្រុង តាមខេត្ត ផ្លូវភ្នំ ផ្លូវថ្មគ្រួស ភក់ ឬផ្លូវខ្សាច់ទេ។

រថយន្ត Ford Ranger 2019
ជាមួយគ្នានេះផងដែរ គេសង្កេតឃើញមានបច្ចេកវិទ្យាថ្មីចំនួន ៥ ចំណុច ដែលបានធ្វើកំណែប្រែថ្មី ដោយផ្តោតជាសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍នៃការប្រើប្រាស់ និងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដែលធ្វើឲ្យរថយន្ត Ford Ranger 2019 នេះកាន់តែអស្ចារ្យជាងមុន រួមមានដូចជា៖

រថយន្ត Ford Ranger 2019
ប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោ (Passive Entry Passive Start) គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោ រថយន្តជាប់នឹងខ្លួនរួចចុចទៅលើប៊ូតុងមួយនៅលើដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្ត និងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំង រួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ការប្រើ Smart Key បែបនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលអ្នកបើកបរនោះទេ វាក៏ផ្ដល់សុវត្ថិភាពដល់ម្ចាស់រថយន្តផងដែរ។

រថយន្ត Ford Ranger 2019
Ford Ranger 2019 បានធ្វើការផ្លាស់ប្ដូរចង្កៀងខាងដោយមានបំពាក់ភ្លើង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន ដោយសារចង្កៀងមុខបានកែប្រែកាន់តែប្រសើរជាងមុន និងមិនធ្វើឲ្យឈឺភ្នែក ព្រោះអ្នកបើកបរមិនចាំបាច់ប្រឹងមើលផ្លូវខ្លាំងពេលបើកបរយប់ ។

រថយន្ត Ford Ranger 2019
រថយន្តនេះ ក៏បានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

រថយន្ត Ford Ranger 2019
បច្ចេកវិទ្យានេះ ជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

រថយន្ត Ford Ranger 2019
Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ រថយន្តនេះប្រើឧបករណ៍ចាប់សញ្ញា Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មមអាចចតឡានបាន ឧបករណ៍ចាប់សញ្ញាដំណើរការគ្រប់ពេល តែបានត្រឹមល្បឿនក្រោម 30km/h ប៉ុណ្ណោះ។ នៅពេលវាចាប់កន្លែងដែលអាចចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរនូវរបៀបចូលចត។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពីទំហំនៃកន្លែងណាដែលគួរ និងមិនគួរចតដែលអាចធ្វើឲ្យប៉ះពាល់រថយន្តដទៃ។

នៅពេលកំពុងចូលចត រថយន្តនឹងរក្សាល្បឿនក្រោម ១0km/h ជានិច្ចដើម្បីការពារការប៉ះរថយន្តដទៃ ក្នុងខណៈនេះអ្នកពុំចាំបាច់កាន់ចង្កូតទៅនោះទេ អ្នកគ្រាន់តែដាក់លេខ យកជើងអបហ្រ្វាំង និងហ្គាតែប៉ណ្ណោះ។ ម្យ៉ាងទៀតប្រព័ន្ធនេះនឹងបិទដោយស្វ័យប្រវត្តិនៅពេលអ្នកយកដៃទៅកាន់ចង្កូតម្ដងទៀត។ បច្ចេកវិទ្យានេះជួយសម្រួលដល់ការចូលចត ជាពិសេសនៅពេលចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួលអ្នកមិនចាំបាច់ចំនាយពេលយូរ ផ្ដល់សុវត្ថិភាព និងកាត់បន្ថយការភាពស្ត្រេស និងកាត់បន្ថយការប៉ះទង្គិចនៅពេលចូលចតផងដែរ។

រថយន្ត Ford Ranger 2019
សូម្បីតែផ្នែកខាងក្រោយក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់អីវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ខុសពីរថយន្តម៉ូដែលមុនៗ ដែលតម្រូវឲ្យប្រើកម្លាំងខ្លាំងនៅពេលបើកម្ដងៗ។ ជាមួយការកែច្នៃថ្មីនេះនៅពេលអ្នកបើក ឬបិទទ្វារខាងក្រោយទុកដាក់ឥវ៉ាន់ អ្នកពុំចាំបាច់ប្រើកម្លាំងខ្លាំងដូចមុនទៀតនោះទេ។

រថយន្ត Ford Ranger 2019
មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាក ក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។

ការកែច្នៃចុងក្រោយនេះ នឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។ ទាំងនេះដោយសារប្រព័ន្ធជើងក្រោមបានកែច្នៃបន្ថែម ដោយការផ្លាស់ប្ដូរទីតាំងរបស់ដៃទប់ឃ្លោងផ្នែកខាងមុខផ្ទុយពីទិសដៅចាស់ ការប្ដូរទីតាំងកៅស៊ូទប់អុកមកទីតាំងដែលមានសមត្ថភាពខ្លាំងជាងមុន និងការរៀបចំឲ្យមានចលនាមុំរបស់កៅស៊ូទប់ស្លាបប្រចៀវក្រោមឲ្យកាន់តែមានសុពលភាពក្នុងការទប់។

រថយន្ត Ford Ranger 2019
ការផ្លាស់ប្ដូរខាងលើនេះផ្ដល់អត្ថប្រយោជន៍ដូចជា ចង្កូតងាយស្រួលបត់បែនជាងមុន បង្កើនផាសុកភាពពេលបើកបរ បង្កើនសមត្ថភាពទប់លំនឹងរថយន្តពេលបើកបរផ្លូវរអិលឬផ្លូវលំបាក ជាពិសេសកាត់បន្ថយសម្លេងកកិតរបស់កង់ ដែលតែងរំខានអ្នកពេលបើកបរលើផ្លូវរាប។សរុបមកការផ្លាស់ប្រព័ន្ធជើងក្រោមថ្មីនេះនឹងជួយសម្រួលបន្ថែមឲ្យកាន់តែប្រសើរថែមទៀតដល់បទពិសោធន៍ក្នុងការបើកបរគ្រប់កាលៈទេសៈ៕