អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋកាលពីវេលាទៀបភ្លឺ សំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ៖ ករណីអគ្គីភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមមួយកន្លែងបណ្តាលអោយរងការខូចខាតស្ទើរទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងមួយខ្នងផងដែរ ដែលហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ21cd ស្ថិតក្នុងភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ សៀង មួយលី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ ចំណែកសម្ភារៈដែលរងការខូចខាតរួមមាន ទូទឹកកកមួយគ្រឿង, ក្រណាត់២០ដុំ និងកុំព្យូទ័រមួយគ្រឿង រីឯផ្ទះអ្នកជិតខាងដែលភ្លើងរាលដាល់ឆេះនោះមានម្ចាស់ឈ្មោះ ខុម សូនី ភេទស្រី អាយុ៣៧ឆ្នាំ ខូចខាតអស់ម៉ាសុីនត្រជាក់មួយគ្រឿង, ទូសំអាងមួយ, ទូដាក់ខោអាវមួយ និងសម្ភារៈក្នុងបន្ទប់គេងទាំងស្រុង។ សមត្ថកិច្ចបានអោយដឹងដែរថា ក្នុងហេតុការណ៍នេះ ក្រុមពន្លត់អគ្គីភ័យបានវ្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៨គ្រឿង និងប្រើទឹកអស់៤០ម៉ែត្រគូបស្មើនឹង៨រថយន្ត រហូតដល់មោង៤និង៣០នាទីទៀបភ្លឺទើបអគ្គីភ័យរលត់ទាំងស្រុង៕

COMMENTS