ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនសម្រេច ចុងក្រោយស្វាគមន៍ម្នាក់មួយដៃទ្រោមខ្លួន

រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែងក្នុងចំណោមបក្ខពួក០៤នាក់ ពីបទលួច(ឆក់ទូរស័ព្ទ) កើតហេតុ នៅហាងលក់ភីហ្សាផែនី ផ្ទះលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ដួង ផល្លា ហៅ អាធ្មេញ ហៅ អាសឺ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) -ជនសង្ស័យទី២ឈ្មោះ ខន ពេជ្រ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក ស្នាក់នៅសិប្បកម្មផ្សាដែក ផ្លូវលេខ២៧១ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) -ជនសង្ស័យទី៣ឈ្មោះ ដា ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន) -ជនសង្ស័យទី៤មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន) ។ -ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ (កំពង់ស្រាវជ្រាវរក) ។ វត្ថុតាងចាប់យក ៖ ម៉ូតូ 01គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU7812 លេខតួ+ម៉ាស៊ីន 8874116 ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង៣០នាទី ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ សេរី២០១២ មិនចាំពាក់ស្លាកលេខបាននិយាយទូរស័ព្ទដល់ចំណុចផ្លូវ២៧១ ភូមិ១ សង្កាត់ ស្ទឹងមានជ័យទី១ ស្រាប់តែមានជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ (ម៉ូតូ០១គ្រឿងមានគ្នា០២នាក់) បានឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ ពេលនោះនារីរងគ្រោះបានស្រែកឆោឡោលឺដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់ជនសង្ស័យ ដែលមានឈ្មោះ ដួង ផល្លា និងឈ្មោះ ខន ពេជ្រ យកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាងដើម្បីធ្វើការសាកសួរ លុះរហូតមកដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃដដែលទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង បានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកនារីរងគ្រោះបានជិះម៉ូតូគេចខ្លួនបាត់ពុំដឹងទៅទីណា សមត្ថកិច្ចយើងពុំស្គាល់អត្តសញ្ញាណនារីរងគ្រោះឡើយ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

COMMENTS