ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ក្នុងចំណោម២០នាក់ដែលចូលទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ

ព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ក្នុងចំណោម២០នាក់ដែលបានចូលទៅកាប់ឈើក្រញូងខុសច្បាបនៅក្នុងទឹកដីប្រទេសថៃ ត្រូវបានទាហានថៃចាប់ខ្លួនកាលបីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចច្រកតាថាវ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពពត៌មានពីទាហានថៃបានអោយដឹងថា ពួកគេបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន២ក្រុមមានគ្នា២០នាក់បានស្ពាយឈើក្រញូងចេញពីទឹកដីថៃបម្រុងចូលក្នុងទឹកដីខ្មែរវិញ ហើយក៏ឃាត់ខ្លួន២នាក់ធ្វើការសាកសួរទើបដឹងថាពួកគេទាំងអស់កាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ និងមានប្រើប្រាស់សារធាតុញៀន ដោយឡែកអ្នកផ្សេងទៀតបាននាំគ្នារត់គេចខ្លួនអស់បាត់។ ប្រភពពត៌មានបានអោយដឹងដែរថា ពួកគេទាំងអស់គ្នាមកពីភូមិច្រឡង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយឃាត់ខ្លួន ក្រុមទាហានថៃបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅប្រគល់អោយសមត្ថកិច្ចថៃចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS