រកសុីជួញដូរគ្រឿងញៀនទាំង៣នាក់ម្តាយកូនតែម្តង!

កណ្តាល៖ សមត្ថកិច្ចបានធវើការឃាត់ខ្លួនជនសង្ស័យ៣នាក់ម្តាយកូន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដោយក្នុងនោះដែរសមត្ថកិច្ចបានធ្វើការឆែកឆេរនិងដកហូតបានគ្រឿងញៀនមួយចំនួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០១៧ នៅចំណុចវត្តព្រែកឬស្សី ស្ថិតក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ សមត្ថកិច្ចបានចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងតំបន់ និងទទួលបានពត៌មានថាមានមុខសញ្ញាជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញផនទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់កុង សហការជាមួយកម្លាំងនគរបាលស្រុកកោះធំចុះទៅកន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យ២នាក់កំពុងជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឈប់ដើម្បីឆែកឆេរ ក៏បានឆែកឆេរឃើញថ្នាំញៀនមួយកញ្ចប់តូច ពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំង២នាក់បានប្រាប់ថាម្តាយប្រើអោយយកមកលក់ ទើបសមត្ថកិច្ចបន្តទៅឆែកឆេរដល់ផ្ទះរកឃើញគ្រឿងញៀនចំនួន២៨កញ្ចប់បន្ថែមទៀត ហើយធ្វើការឃាត់ខ្លួនទាំង៣នាក់ម្តាយកូនតែម្តង។ ជនសង្ស័យទាំង៣នាក់ម្តាយកូនមានឈ្មោះ នេត មុំ អាយុ៤៧ឆ្នាំ មុខរបរកសិករ (ជាម្តាយ), ឈ្មោះ សោ សារ៉េន អាយុ២៨ឆ្នាំ និងឈ្មោះ សោ ផារី អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរជាបន្ត និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS