ចាប់បានចោរស្ទើរភ្លើង បំណងលួចរថយន្ត Lexus គេ

​រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចរថយន្តមិនសម្រេច ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ ១៨៦A ផ្លូវលេខ១៥៥ កែងផ្លូវ លេខ៤៥៦ ក្រុមទី២៣ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះកែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់ បានឆ្កឹះសោររថយន្ត០១គ្រឿងម៉ាក LEXUS 450 ផលិតឆ្នាំ ១៩៩៧ ពណ៌ទឹកមាស ស្លាកលេខ កណ្តាល 2A-2467 ជារបស់ជនរងគ្រោះឈ្មោះ នាង អេងឡាយ ភេទប្រុស អាយុ៥៨ឆ្នាំ ខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះជួលលេខ១៨៦A ផ្លូវលេខ ១៥៥ កែង ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឥ្យដឹងថា ជនរងគ្រោះបានយករថយន្តរបស់ខ្លួន ម៉ាក LEXUS 450 ផលិតឆ្នាំ១៩៩៧ ចតនៅលើចិញ្ចើមផ្លូវមុខផ្ទះកើតហេតុដូចធម្មតា ដោយមានអ្នកយាមម្នាក់ឈ្មោះ សួន សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកមើលការខុសត្រូវរថយន្តនៅពេលយប់ ។ លុះដល់ម៉ោងកើតហេតុ សន្តិសុខខាងលើ រួមនឹងអ្នករត់ម៉ូតូកង់បី ដែលដេកយាមនៅក្បែរនោះ បានឃើញជនសង្ស័យបានបើកទ្វាររថយន្តបើកដំបូលខាងមុខ ហើយសន្តិសុខបានដើរមកសួរនាំ ជនសង្ស័យថាចូលឡានធ្វើអ្វី ហើយជនសង្ស័យប្រាប់ថា ម្ចាស់ឡានឲ្យមកប្តូរអាគុយ បន្តមកសន្តិសុខ ប្រាប់ថាម្ចាស់មួយណារួចជនសង្ស័យក៏ទូរស័ព្ទរួចហុចទៅអោយសន្តិសុខនិយាយជាមួយ តែត្រូវបានសន្តិសុខមិនស្តាប់ក៏ទូរស័ព្ទទៅប្រាប់ជនរងគ្រោះ ដែលជាម្ចាស់ឡានតាមដំណើររឿង ហើយម្ចាស់ឡានក៏បានអោយសន្តិសុខ ឃាត់ខ្លួនជនសង្ស័យនោះ ប្រគល់អោយសមត្ថកិច្ច ហើយជនរងគ្រោះបានឆែកកាំម៉ារ៉ាសុវត្ថិភាពឃើញមានជនសង្ស័យ០២នាក់ប្រុសទៀត មានឈ្មោះ និ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះគិត ឡុង ភេទប្រុស អាយុ៣២ឆ្នាំ បានរត់គេចខ្លួនបាត់។ ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅ សាលាដំបូងរាជធានីភ្នំពេញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

COMMENTS