Hacker របស់កូរ៉េខាងជើង ចូលលួចឯកសារសំងាត់យោធារបស់កូរ៉េខាងត្បូងខ្ទេចអស់

កូរ៉េខាងជើង៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុម Hacker របស់កូរ៉េខាងជើងបានលួចចូលក្នុងទិន្នន័យ និងលួចយកឯកសារយោធារាប់រយរាប់សន្លឹករបស់កូរ៉េខាងត្បូងរួមមានទាំងផែនការប្រតិបត្តការណ៍ និងការការពារសង្គ្រាម ដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តអាមេរិកទៀតផង។

លោក Rhee Cheol-Hee តំណាងរាស្ដ្រនៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចកូរ៉េខាត្បូងបាននិយាយថា ពួក Hacker បានលុកលុយចូលទៅក្នុងបណ្តាញយោធារបស់កូរ៉េខាងត្បូងកាលពីចុងខែកញ្ញា កន្លងទៅ និងបានលួចទិន្នន័យទំហំរហូតដល់ទៅ 235GB ពីប្រព័ន្ធផ្ទុកទិន្នន័យ។ លោក Rhee បានឲ្យដឹងទៀតថា ក្នុងចំណោមឯកសារ ដែល Hacker បានលួចនោះ គឺវាមានគម្រោងផែនការប្រតិបត្តិការ 5015 សម្រាប់ការប្រើប្រាស់ក្នុងករណីសង្គ្រាមជាមួយកូរ៉េខាងជើងកើតមាន និងរួមទាំងនីតិវិធីសម្រាប់ការវាយប្រហារទៅលើមេដឹកនាំគីមជុងអ៊ុនថែមទៀតផង។

ព័ត៌មាននេះបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះជម្លោះនៅលើឧបទ្វីបកូរ៉េនៅពេល ដែលកម្មវិធីបាញ់អាវុធមីស៊ីលសាកល្បងរបស់កូរ៉េខាងជើងបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល និងធ្វើការសាកល្បងនុយក្លេអ៊ែរដ៏ខ្លាំងក្លាទី៦ របស់ខ្លួន ដើម្បីជាការឌឺដងចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

សេម
ប្រភព៖ Dailymail

COMMENTS