បន្ទាប់ពីក្រុមហ៊ុន Samsung ឥឡូវក្រុមហ៊ុន Apple អាចនឹងចាប់ដៃជាមួយនឹងក្រុមហ៊ុន LG ទៀតលើជំនួញអេក្រង់ OLED ដដែល

ជាការពិតណាស់ សម្រាប់ក្រុមហ៊ុន Samsung គឺគ្រប់ដំណ្ដប់លើអេក្រង់ប្រភេទ OLED ជាង 95% លើទីផ្សារពិភពលោក ដូចនេះវាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេដែលដៃគូប្រគួត គឺក្រុមហ៊ុន LG មានបំណងចង់ពង្រីកវិសាលភាពនៃការផលិតអេក្រង់ប្រភេទ OLED ខ្នាតតូចរបស់ខ្លួន។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានប្រើប្រាស់អេក្រង់ប្រភេទ OLED ទៅក្នុងផលិតផលទូរទស្សន៍របស់ខ្លួន ប៉ុន្ដែសម្រាប់ស្មាតហ្វូនត្រកូល G និង V វិញគឺបែរជាប្រើប្រាស់នូវបច្ចេកវិទ្យា LCD សម្រាប់បំពាក់លើអេក្រង់ទៅវិញ។ ដោយឡែក សម្រាប់ពាក្យចចាមអារាមបានលើកឡើងថា ក្រុមហ៊ុន LG មានបំណងចង់បំពាក់នូវអេក្រង់ប្រភេទ OLED សម្រាប់កំពូលស្មាតហ្វូន LG V30 របស់ខ្លួន ដែលនឹងចេញមុខលើទីផ្សារក្នុងពេលឆាប់ៗនេះ។

សម្រាប់ពេលនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Apple បាននឹងកំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Google ដោយដើរតួជាវិនិយោគិនមួយរូបក្នុងជំនួញអេក្រង់ OLED របស់ក្រុមហ៊ុន LG។ ស្របពេលជាមួយគ្នានេះដែរ តាមរយៈសារពត៌មានដែលបានចុះពីប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា ក្រុមហ៊ុននេះអាចនឹងបណ្ដាក់ទុកប្រមាណជា 1.75 ទៅ 2.62ពាន់លានដុល្លារក្នុងដំណើរការផលិតអេក្រង់នេះ សម្រាប់ក្រុមហ៊ុន Apple។ ប្រភពដដែលបានបន្ដថា ក្រុមហ៊ុន LG និង Apple បានចុះកិច្ចព្រមព្រៀងតាំងពីថ្ងៃទី03 ខែមិថុនាមកម្លេះ។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចព្រមព្រៀងនោះក្រុមហ៊ុន Samsung បានលើកឡើងថា “Samsung Display គឺជាក្រុមហ៊ុនផលិតអេក្រង់តែមួយគត់ បានដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលអេក្រង់សម្រាប់ក្រុមហ៊ុន Apple ដែលគេស្គាល់ថាជាក្រុមហ៊ុនដែលមានលក្ខណៈវិនិច្ឆ័យគុណភាពតឹងរ៉ឹងបំផុត។ សម្រាប់ក្រុមហ៊ុន LG Display វិញបាននិយាយថានឹងត្រូវប្រឈមមុខនឹងតម្រូវការច្រើន គឺរហូតដល់ទៅ 70%ឯណោះ ស្របពេលជាមួយនឹងក្រុមហ៊ុនចិនមួយចំនួនក៏កំពុងជួបបញ្ហាដូចគ្នាទៅនឹងក្រុមហ៊ុន LG ដែរ។”

វាអាចជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលក្រុមហ៊ុន Apple និង Google គឺកំពុងសង្កេតមើលការរីកលូតលាស់នៃក្រុមហ៊ុន LG ទាក់ទងទៅនឹងការផលិតអេក្រង់ប្រភេទ OLED។ ការរីកចម្រើននេះ អាចបង្កជាសម្ពាធសម្រាប់ក្រុមហ៊ុន Samsung លើទីផ្សារ ប៉ុន្ដែក្រុមហ៊ុនមិនមានការព្យួយបារម្មណ៍ខ្លាំងនោះទេ ព្រោះពេលនេះបច្ចេកវិទ្យារបស់ក្រុមហ៊ុន LG មិនអាចប្រៀបនឹងក្រុមហ៊ុន Samsung បានឡើយ។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS