Samsung កំពុងតែសម្ងំផលិតស្មាតហ្វូនអាចបត់បែនបាន ហើយទំនងជាបង្ហាញខ្លួននៅឆ្នាំក្រោយនេះឯង

ក្រុមហ៊ុន Samsung កំពុងតែត្រៀមខ្លួន ដើម្បីបង្ហាញស្មាតហ្វូន ដែលអាចបត់បានលើកដំបូងរបស់ខ្លួន ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ CES 2019 នៅក្នុងខែមករា ដើមឆ្នាំក្រោយ ខណៈដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនកូរ៉េមួយនេះ។

ទូរស័ព្ទនេះអាចនឹងត្រូវគេដាក់ឈ្មោះឲ្យថា Galaxy X ប៉ុន្តែវាក៏អាចមានឈ្មោះមួយទៀតដែរ ដែលអាចហៅបានថា Galaxy F ព្រោះអក្សរ F តំណាងឲ្យពាក្យថា Fold (បត់) ។ អ្វីដែលទូរស័ព្ទនេះអាចធ្វើទៅបានមានដូចជា បត់បែនបានរហូតដល់ទៅ 90 ដឺក្រេឯណោះ។ ដូចដែលអ្នកបានឃើញស្រាប់ហើយក្នុងរូបភាពគឺមិនអាចបត់ជិតបាន 100% នោះទេ។

ទ្រនាប់ស្កែនស្នាមម្រាមដៃគឺនៅខាងក្រោយ ចំពោះកាមេរ៉ាគឺឃើញថាមានបួន ដោយនៅខាងមុខ២គ្រាប់ និងខាងក្រោយ២គ្រាប់។ ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ទូរស័ព្ទ Galaxy F នេះមានផ្ទៃអេក្រង់ 7 អ៊ីញ ឬក៏ធំជាងនេះ ហើយស្មាតហ្វូននេះមានសមត្ថភាពបង្ហាញរូបភាពបានយ៉ាងច្បាស់ជាមួយនឹងទំហំ Aspect Ratio 21: 9 ។ ហើយវាក៏ជាស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េ Samsung ដែលមានតំលៃថ្លៃជាងស្មាតហ្វូនផ្សេងៗទៀតដែរ តាមការប៉ាន់ស្មានវាអាចនឹងមានតម្លៃដល់ជិត២,០០០ដុល្លារឯណោះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena