ស្អាតកប់! កាន់តែច្បាស់ហើយជាមួយនឹងរូបភាពថ្មីរបស់ Huawei Mate 10 Pro មានផ្ទៃខាងក្រោយជាកញ្ចក់ ហើយតួខ្លួនខ្ពស់ទៀត

ជាការពិតណាស់ សម្រាប់ក្រុមហ៊ុន Huawei នឹងប្រកាសចេញលក់កំពូលស្មាតហ្វូនត្រកូល Mate 10 ខ្លួនជាច្រើនម៉ូដែលក្នុងឆ្នាំនេះ។ ប៉ុន្ដែយោងតាមសារពត៌មាននាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ម៉ូដែល Huawei Mate 10 Pro ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។

ទាក់ទងទៅនឹង Huawei Mate 10 Pro យើងអាចនិយាយបានថា ជាម៉ូដែលកំពូលរបស់ត្រកូល Mate 10។ មិនតែប៉ុណ្ណោះ ការបែកធ្លាយជាច្រើនយើងតែងសង្កេតឃើញមាន ហើយសម្រាប់លើកនេះយើងពិតជាសូមអរគុណជាខ្លាំងដល់គេហទំព័របណ្ដាញសង្គម Weibo របស់ប្រទេសចិនដែលបានបង្ហាញរូបភាពថ្មីទាក់ទងទងទៅនឹងរូបរាងស្ទើរគ្រប់ជ្រុងជ្រោយនៃម៉ូដែលនេះ។

គួរបញ្ជាក់ផងដែរថា Mate 10 Pro អាចនឹងមានតួខ្លួនខ្ពស់ និងផ្ទៃអេក្រង់ស្ទើរគ្មានគែមទៀតផង។ លើសពីនេះទៅទៀត វាត្រូវបានគេរចនាឡើងដោយយកស្តង់ដារសោភ័ណ្ឌភាពស្មាតហ្វូនសម័យទំនើប និងតម្រូវចិត្តការពេញនិយមក្នុងចំណោមអ្នកបង្កើត និងអ្នកប្រើប្រាស់ផងដែរ។ តាមរយៈរូបភាព យើងអាចសង្កេតឃើញកញ្ចក់នៅផ្ទៃខាងក្រោយ ហើយនេះគឺជារឿងដ៏អស្ចារ្យមួយប្រសិនបើក្រុមហ៊ុន Huawei នឹងបំពាក់មុខងារ Wireless charge ដែរនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ យើងសូមនាំអារម្មណ៍លោកអ្នកឲ្យមកសង្កេតមើលរូបភាពថ្មីដែលត្រូវបានបង្ហោះចូលទៅកាន់គេហទំព័របណ្ដាញសង្គម Weibo វិញម្ដង។ បើទោះជារូបភាពនេះ ពុំមែនជារូបភាពផ្លូវការរបស់ក្រុមហ៊ុន Huawei មែនពិត ប៉ុន្ដែយើងអាចសង្កេតឃើញចំណុចធំៗជាច្រើនដែលដូចគ្នាទៅនឹងការបែកធ្លាយពីមុនៗ។

កំពូលស្មាតហ្វូន Huawei Mate 10 Pro អាចនឹងមានអេក្រង់ដែលមានកម្រឹតបង្ហាញរូបភាពQuad HD (1,440 x 2,880 pixels) ជាមួយនឹងវិមាត្រ 16:9។ ហើយសម្រាប់ផ្ទៃខាងក្រោយ ក្រុមហ៊ុននៅតែបន្ដបំពាក់នូវកាមេរ៉ាភ្លោះដដែល ដោយមួយមានទំហំ 20MP និងមួយទៀតមានទំហំ 12MP។ ទាក់ទងទៅនឹង sensor របស់កាមេរ៉ាទាំងពីរនេះ អាចនឹងដូចគ្នាទៅនឹងម៉ូដែលមុនៗដែរ ពោលគឺមួយសម្រាប់ថតពណ៌ និងមួយទៀតសម្រាប់ថតស-ខ្មៅ។ សម្រាប់បន្ទះឈីបវិញ Mate 10 Pro នឹងត្រូវបានបំពាក់ដោយ Kirin 970 របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្ដង។

កាលបរិច្ឆេតនៃការប្រកាសចេញលក់កំពូលស្មាតហ្វូនត្រកូល Mate 10 ទាំងនេះ នឹងត្រូវបានធ្វើឡើងនាថ្ងៃច័ន្ទ ទី16 ខែតុលា ខាងមុខនេះហើយ។

Fu

ខ្មែរណូត

ប្រភព៖ androidpit

COMMENTS