ជនសង្ស័យ២នាក់ដែលបាញ់សម្លាប់មនុស្សម្នាក់និងបាញ់គម្រាមសម្លាប់សមត្ថកិច្ចកាលពីប៉ុន្មានខែមុន ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ សហការជាមួយកម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់, កម្លាំងនគរបាលប៉ុស្តិ៍ចំនួន៤ប៉ុស្តិ៍ បានចេញប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះម្នាក់ និងបាញ់គម្រាមនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅកាលពីកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្ឡុវជាតិលេខ១ ត្រង់ចំណុចមុខវត្តនិរោធ ស្ថិតក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

គួរបញ្ជាក់អយដឹងដែរថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់ខាងលើបានគម្រាមសម្លាប់យុវជនម្នាក់ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នាំ និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានប្រើអាវុធម៉ាក ប៉េអាកុល បាញ់សម្លាប់បុរសម្នាក់ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ហើយរហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់ដដែល បានបើអាវុធខ្លីម៉ាក កា៥៩ បាញ់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ និងលើកចុងក្រោយថ្ងៃទី២៥ ខែសីហា បានប្រើអាវុធខ្លីម៉ាក កា៥៩ ដដែលបាញ់ទៅលើសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះម្តងទៀត។ ជនសង្ស័យទាំង២នាក់មានឈ្មោះ ជ័យ សំណាង ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ គឹម សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុឋរបរមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការជាបន្តតាមផ្លូវច្បាប់៕

 

COMMENTS