អាមេរិក និងកូរ៉េខាងត្បូងបង្កើនការប្រើប្រាស់យន្តហោះយកការសម្ងាត់ ខណៈលោក គីម ជុងអ៊ុន ត្រៀមនឹងបាញ់មីស៊ីលសេរីថ្មី

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបង្កើនការប្រើប្រាស់យន្តហោះយកការសម្ងាត់របស់ខ្លួនទៅលើកូរ៉េខាងជើង ខណៈដែលលោកគីម ជុងអ៊ុន នឹងធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលសេរីថ្មីក្នុងពេលឆាប់ៗនេះ។  ចំណែកឯកងយោធាគ្រប់ជាន់ថ្នាក់របស់ប្រទេសទាំងពីរខាងលើនេះវិញ ក៏បានបង្កើនការត្រួតពិនិត្យ និងការការពារ ខ្លាំងជាងមុនផងដែរ​ ដើម្បីឆ្លើយតបទៅនឹងផែនការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ។

ការត្រៀមខ្លួន និងបង្កើតប្រតិបត្តិការការពារនេះបានធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់រុស្សីម្នាក់បានទៅធ្វើទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើង និងបានអះអាងថា កូរ៉េខាងជើងបានរៀបចំផែនការរួចរាល់ក្នុងការបាញ់មីស៊ីលសេរីថ្មីនេះមកកាន់ទឹកដីអាមេរិក។ បើតាមការអះអាងរបស់គណៈប្រតិភូរុស្សីខាងលើបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលសេរីថ្មីរបស់កូរ៉េខាងជើងនេះ មានឥទ្ធិពលជាងគ្រាប់មីស៊ីលសេរីមុនៗ ហើយវាអាចបង្កវិនាសកម្មច្រើនជាងគ្រាប់មីស៊ីលសេរីចាស់ដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ​វិស័យយោធារបស់កូរ៉េខាងជើងបានរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលភាពរីកចម្រើន និងឥរិយាបថគឃ្លើនឥតឈប់ឈរនេះ បានធ្វើឲ្យពិភពលោកទាំងមូលកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពនៃការកើតមានសង្គ្រាមរវាងកូរ៉េខាងជើង និងអាមេរិក៕

ដោយ៖ ភក្តី

ប្រភព៖mirror

COMMENTS