ជិះកង់ឬម៉ូតូគួរប្រុងប្រយ័ត្ន! បុរសម្នាក់ជិះម៉ូតូធ្លាក់លូទឹកស្អុយដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូជ្រុលទៅធ្លាក់ចូលទៅក្នុងលូទឹកស្អុយ បណ្តាលអោយដួលបោកក្បាលស្លាប់ ខណៈពេលដែលលូនេះកំពុងជុសជួលមិនទាន់ដាក់គំរប ហើយគ្មានភ្លើងបំភ្លឺផ្លូវទៀត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០ និង១០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងខាងក្រោយផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមួយរំពេចនោះគ្មានអ្នកណាដឹងទេ គ្រាន់ឮសម្លេងប្រ៉ាវបាត់ទៅវិញ ហើយក៏អត់មានអ្នកចាប់អារម្មណ៌ទៀត ដោយសារមានអ្នកធ្វើដំណើរឆ្លងកាត់ទីនោះឃើញមានតែម៉ូតូដួលកណ្តាលផ្លូវអត់ឃើញមានមនុស្ស ទើបប្រជាពលរដ្ឋមានការសង្ស័យបាននាំគ្នាទៅមើលក៏បានឃើញបុរសរងគ្រោះបោកក្បាលស្លាប់បាត់ទៅហើយនៅក្នុងលូទឹកស្អុយទើបនាំគ្នាជួយស្រង់ឡើងលើគោកបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។ ប្រភពដដែលបានបន្តទៀតថា បុរសដែលរងគ្រោះក្នុងហេតុការណ៌នេះ ភ្លាមៗនោះគឺនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ក្រហម ស្លាកលេខតាកែវ 1D-2037។

ក្រោយពេលកើតហេតសពបុរសរងគ្រោះខាងលើត្រូវបានរថយន្តដឹកយកទៅដំកល់នៅវត្តទឹកថ្លាបណ្តោះអាសន្ន ដើម្បីរងចាំសាច់ញាតិ រីឯម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកបណ្តោះអសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

បក្សីចាំក្រុង

COMMENTS