កូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ក្នុងការបាញ់សាកល្បងមីស៊ីលសេរីថ្មីទៅកាន់ទឹកដីអាមេរិក

គណៈប្រតិភូរុស្សី ដែលបានទៅទស្សនៈកិច្ចផ្លូវរដ្ឋចំនួន៥ថ្ងៃក្នុងប្រទេសកូរ៉េខាងជើងគឺលោក Anton Morozov បានអះអាងថា ទីក្រុងព្បុងយ៉ាងបានរៀបចំផែនការរួចរាល់ក្នុងការបាញ់មីស៊ីលកម្រិតធ្ងន់សេរីថ្មីមកកាន់ទឹកដីអាមេរិក។ គណៈប្រតិភូ និងជាសមាជិកសភារបស់រុស្សីរូបនេះបានថ្លែងបន្ថែមទៀតថា ក្នុងរយៈពេលនៃការធ្វើទស្សនៈកិច្ចរបស់លោក កូរ៉េខាងជើងបានបង្ហាញប្រាប់លោកយ៉ាងច្បាស់ពី ឥទ្ធិពលរបស់គ្រាប់មីស៊ីល និងទំហំនៃការខូចខាច ប្រសិនជាគ្រាប់មីស៊ីលនោះបានធ្លាក់ចំគោលដៅដែលគេបានកំណត់។

ការលើកឡើងនេះវាស្របគ្នាទៅនឹងការវិភាគរបស់មន្ត្រីជានខ្ពស់ CIA របស់អាមេរិកម្នាក់ដែលបានវិភាគថា កូរ៉េខាងជើងអាចនឹងបាញ់គ្រាប់មីស៊ីលសេរីថ្មី​មកកាន់ទឹកដីអាមេរិកបន្ថែមទៀតនាពេលខាងមុខនេះ។ បើកូរ៉េខាងជើងនៅតែមានឥវិយាបថដាក់អាមេរិកបែបនេះទៀត ក្រុមអ្នកវិភាគមើលឃើញថា មិនយូរមិនឆាប់ទេ សង្គ្រាមប្រាកដជាអាចកើតមានឡើងជាមិនខាន។ សូមបញ្ជាក់ថា​ ចាប់តាំងពីអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើកូរ៉េខាងជើងមក លោកគីម ជុងអ៊ុន បានខឹងយ៉ាងខ្លាំង និងបានធ្វើសកម្មភាពផ្គើនទៅនឹងពិភពលោក និងអាមេរិកកាន់តែខ្លាំងជាងមុនទៀត៕

ភក្តី

ប្រភព៖ mirror

COMMENTS