រថយន្តហាយលែនឌ័របុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់យ៉ាងអនោចអធ័ម

ក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ​ ចំណែកអ្នកបើកបររថយន្តបង្កររត់េចខ្លួនបាត់ស្រមោល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ រថយន្តបង្ករម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9698 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុស្រាប់តែជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ គៀប សារ៉ាត់ ភេទប្រុស មានទីលំនៅក្នុងភូមិស្នួលវត្ត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តបង្ករទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរគៀងដើម្បីរង់ចាំការស្រាវជ្រាវស្វែងរកម្ចាស់រថយន្តចូលមកដោះស្រាយជាបន្ត រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS