ក្រុមហ៊ុន អ៊ីដតខូ ផ្តើមសិក្សាពីលទ្ធភាពសង់បង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេបង្អស់នៅកម្ពុជា

រាជធានីភ្នំពេញ, ១៥ សីហា ២០១៨: ក្រុមហ៊ុន អ៊ីដតខូ គ្រុប ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងក្រុមហ៊ុន Atelier Cole បានចុះកិច្ចព្រមព្រៀងមួយដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការប្រើប្រាស់ ដើមឫស្សីដែលមាននៅក្នុងស្រុកយកមកធ្វើជាសម្ភារសម្រាប់ការសាងសង់បង្គោល អង់តែនទូរគមនាគមន៍ ។ ក្រោមកិច្ចព្រមព្រៀងនេះ Atelier Cole នឹងទទួលខុសត្រូវចំពោះការស្ថាបនារចនាសម្ព័ន្ធបង្គោលអង់តែន ធ្វើពី ដើមឫស្សីនេះក្រោយពីការសិក្សារបស់ក្រុមហ៊ុន អ៊ីដតខូ និង ITC ត្រូវបានបញ្ចប់។ ក្រុមហ៊ុន អ៊ីដតខូ មានមហិច្ឆតា ចង់បង្កើតឲ្យមានបង្គោលអង់តែនទូរគមនាគមន៍ធ្វើពីឫស្សីដំបូងគេបង្អស់នៅប្រទេសកម្ពុជាឲ្យបានរួចរាល់ជា ស្រេចសម្រាប់ការប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ ២០១៨នេះ។

លោក Phillip Wong ប្រធានការិយាល័យប្រចាំតំបន់ ទីផ្សាររីកចម្រើននៃក្រុមហ៊ុន edcto Group បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន អ៊ីដតខូ តែងតែធ្វើពិសោធជាមួយសមា្ភរ និងផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មីដើម្បីដោះស្រាយបញ្ហា ប្រឈមនៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ បង្គោលអង់តែនទូរស័ព្ទធ្វើពីដើម ឫស្សី គឺជាការច្នៃប្រឌិតថ្មីចុងក្រោយបំផុតដែលយើងផ្តើមគំនិតប្រើប្រាស់សម្បត្តិធម្មជាតិ ធនធានក កើតឡើងវិញក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ នៅពេលដែលអង់តែនទាំងនេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនក៏ត្រូវបានកាត់បន្ថយដែរ។ បង្គោលអង់តែនប្រភេទនេះដែលត្រូវបានសង់លើកដំបូងនៅក្នុងប្រទេសបង់ក្លាដែស បានបង្ហាញថា ការបញ្ចេញកាបូនទៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយរហូតដល់ទៅជាង ៧០%ឯណោះ ក្នុងមួយបង្គោលអង់តែន។ បង្គោលអង់តែនទាំងនេះ មានទម្ងន់ស្រាលជាងបង្គោលអង់តែនធ្វើអំពីដែករហូតដល់ទៅ ៨៨% ឯណោះ ហើយមានភាពងាយស្រួលក្នុងការសាងសង់និងកាត់បន្ថយទម្ងន់ផ្ទុកទៅលើអគារទៀតផង»។

«វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជឿជាក់យ៉ាងមុតមាំថា ធនធានកកើតឡើងវិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងបង្កើតនូវអ្វីថ្មីៗជាច្រើនទៀត ហើយយើងពិតជាមានសេចក្តីរីករាយឥតឧបមាក្នុងការបានធ្វើជាដៃគូដ៏ល្អជាមួយក្រុមហ៊ុន អ៊ីដតខូ ចំពោះគម្រោងត្រួសត្រាយផ្លូវមួយនេះ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រទេសរបស់យើងសម្បូរទៅដោយធនធានធម្មជាតិជាច្រើនហើយការប្រើប្រាស់ធនធានទាំងនេះដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់កម្ពុជានៃការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនប្រកបដោយចីរភាព»។ នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ជ្រា រ៉ាដា ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

យោងតាមការសិក្សាបានបង្ហាញថា ដើមឫស្សីដែលមិនទាន់កែច្នៃមានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទា និងចាក់គ្រឹះដែលធ្វើឱ្យវាក្លាយជាសម្ភារចាំបាច់មួយសម្រាប់វិស័យសំណង់ទូរគមនាគមន៍។ វាអាចទប់ទល់នឹងកម្លាំងសន្ទុះខ្យល់បានដល់ទៅ ២១០គម/ម៉ និងមានអាយុកាលប្រមាណ ១០ ឆ្នាំ ប្រសិនជា មានការថែទាំបានត្រឹមត្រូវ។បង្គោលអង់តែនឫស្សី ត្រូវចំណាយពេលប្រហែល ១២ថ្ងៃ ដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បីផលិតបើប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។ សំណង់នេះ មានសមត្ថភាពអាចដាក់អង់តែនបានរហូតដល់ទៅ៨ ក្នុងពេលតែមួយដោយអនុញ្ញាតឱ្យបំពាក់នៅលើទីតាំងតែមួយបាន។

ក្រុមហ៊ុន អ៊ីដតខូ បានផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេនៅលើពិភពលោកក្នុងទីក្រុងដាក្កាប្រទេសបង់ក្លាដែសកាលពីឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានដាក់ពង្រាយអង់តែនប្រភេទនេះបានចំនួនប្រាំបួនបន្ថែមទៀតខណៈដែលបង្គោលអង់តែនឫស្សីចំនួនប្រាំមួយផ្សេងទៀតកំពុងសាងសង់។ក្រុមហ៊ុន អ៊ីដតខូ នៅតែបន្តជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានតាមរយៈការធ្វើភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានការរីកចម្រើនខ្លាំងក្នុងគោលបំណងនាំយកបង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីនេះទៅកាន់ទីផ្សារជាច្រើនទៀតដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ៕
###

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ និងជាផ្នែក មួយនៃ ក្រុមហ៊ុន Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនា សម្ព័ន្ធ ទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ដែលរួមមាន៖ ទូរស័ព្ទចល័ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បណ្តាញ និង ក្រុមហ៊ុនអ៊ីនធឺណិត ឌីជីថល ជាច្រើនទៀត ដែលបាននឹងកំពុងបម្រើអតិថិជនប្រមាណ ២៩០ លាននាក់ នៅតាមបណ្តាប្រទេសចំនួន ១០ ក្នុងតំបន់។ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុង ពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិ ការដោយផ្ទាល់ លើបង្គោលអង់តែនជាង ២,២០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី
អគារលេខ 1B ផ្លូវលេខ ៥៩៨ សង្កាត់ ទួលសង្កែ
ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 10 209 999