ជើងខ្លាំង៣នាក់បង្ហោះវីដេអូគម្រាមសម្លាប់តាមហ្វេសប៊ុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាងមួយចំនួន (មានវីដេអូ)

កំពង់ធំ៖ សមត្ថកិច្ចប្រចាំក្រុងស្ទឹងសែនបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពគម្រាមកំហែងសម្លាប់យុវជនម្នាក់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពត៌មានពីជនរងគ្រោះឈ្មោះ ទូច លាងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំ បានអោយដឹងថា ជនសង្ស័យមានគ្នា៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក DUKE មកតាមរកជនរងគ្រោះ ហើយបានបង្ហោះវីដេអូមួយលើគណនីហ្វេសប៊ុកឈ្មោះ Sreang Over ថានឹងបាញ់សម្លាប់ជនរងគ្រោះ ដោយរឿងគំនុំ។ ដោយមានការភ័យខ្លាច ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអោយសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលា ទ់បសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់មានឈ្មោះ សាន សោភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ឈ្មោះ ស៊ុយ គឹមសៀង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឈ្មោះ ស៊ុយ ពិសើរ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងមួយចំនួនមានដូចជា  ដាវកែច្នៃ មុខសំប៉ែត ប្រវែង០៧ម៉ែត្រមួយដើម, ដែកច្នៃមុខស្រួច២ដើម និងកាំភ្លើងជ័រមួយដើម។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ទៅធ្វើការសាកសួរបន្ថែម ដម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំចាត់ការតាមផ្លូវច្បាប់៕

COMMENTS