បុរសម្នាក់បើកបររថយន្តក្នុងសភាពស្រវឹងទៅបុករថយន្ត Rang Rover ពីក្រោយពេញទំហឹង ចុងក្រោយគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើប២គ្រឿងបុកគ្នាដោយសារបើកបរក្នុងសភាពស្រវឹង និងមិនគោរពភ្លើងស្តុបតែសំណាងល្អមិនបង្ករអោយរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំកណ្តាលស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Rang Rover ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4823 បើកបរដោយស្ត្រីម្នាក់វ័យប្រហែលជាង៣០ឆ្នាំ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវនេរុហ៍ លុះមកដល់ស្តុបដេអិនជាចំណុចកើតហេតុ រថយន្តខាងលើបានសុីញ៉ូបត់ឆ្វេង ស្រាប់តែរថយន្តបង្ករម៉ាក Lexus ES-300 ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 2T-2526 ដែលបើកបរដោយយុវជនម្នាក់ក្នុងសភាពស្រវឹង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាជាមួយរថយន្ត Rang Rover ក្នុងល្បឿនលឿនមកបុកពីក្រោយរថយន្ត Rang Rover ពេញទំហឹងបណ្តលអោយវិលមួយជុំ ចំណែករថយន្តបង្ករមិនទាន់អស់ល្បឿនបានជិះហួសទៅមុខជាង៣០ម៉ែត្រទៀតទើបបែកកង់ស្តាំ ដាច់កាឡេ និងរងការខូចខាតយ៉ាងដំណំ តែទោះជាយ៉ាងណាអ្នកបើកបរទាំង២មិនមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ នារីដែលជាម្ចាស់រថយន្ត Rang Rover បានចុះមកឃាត់ម្ចាស់រថយន្តបង្ករ តែដោយសារមានមនុស្សម្នាចោមរោមច្រើនពេកនាងត្រូវការពាររថយន្តនិងទ្រព្យសម្បត្តិរបស់ខ្លួនទើបអ្នកបើកបររថយន្តបង្កររត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ រថយន្តទាំង២គ្រឿងត្រូវបានសត្ថកិច្ចមូលដ្ឋានចុះធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយជាបន្ត៕

COMMENTS