សាលារៀននៅប្រទេសចិនមួយចំនួនបានបង្កប់កាមេរ៉ានៅក្នុងថ្នាក់រៀន ដើម្បីឲ្យឪពុកម្តាយតាមដានសកម្មភាពសិក្សារបស់កូន

ចិន៖ ការបង្រៀន និងមើលថែក្មេងមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលកាន់តែពិបាកទៀតនោះគឺថាក្មេងខ្លះមានចរិតល្អ និងខំប្រឹងរៀនតែនៅមុខម្តាយឪពុក តែដល់ពេលនៅសាលារៀនវិញមានចរិតមួយផ្សេងទៀត។ ឪពុកម្តាយខ្លះមិនជឿទៅលើអ្វី ដែលខាងសាលារៀនបានប្រាប់អំពីឥរិយាបថរបស់កូនៗពួកគាត់ពេលនៅក្នុងសាលារៀននោះទេ។

ចំណែកឪពុកម្តាយខ្លះវិញ នៅតែចង់តាមដាន និងឃ្លាំមើលកូនៗរបស់ខ្លួន បើទោះបីជាកូនៗរបស់ពួកគាត់នៅក្នុងថ្នាក់រៀនក៏ដោយ។ ដើម្បីដោះស្រាយបញ្ហាដូចដែលបានលើកឡើងខាងលើនេះ សាលារៀនមួយចំនួននៅក្នុងប្រទេសចិន បានសម្រេចបំពាក់នូវកាំមេរ៉ាឃ្លាំមើលនៅក្នុងថ្នាក់រៀន ដែលម្តាយឪពុកអាចមើលទិដ្ឋភាពទាំងស្រុងដែលមាននៅក្នុងថ្នាក់រៀន ដោយគ្រាន់តែប្រើអ៊ីនធឺណិតនៅផ្ទះ។

គោលបំណងនៃការបំពាក់កាំមេរ៉ានេះគឺ ដើម្បីឲ្យឪពុកម្តាយអាចមើលសកម្មភាពរបស់កូនៗពួកគាត់បាន​​ដោយផ្ទាល់តែម្តង។ យ៉ាងណាក្តី ក៏មានឪពុកមួយចំនួនធំបានសម្តែងនូវការមិនពេញចិត្តជាមួយនឹងដំណោះស្រាយមួយនេះដែរ ថ្បិតវាត្រូវការចំណាយលុយ ហើយវាអាចប៉ះពាល់ដល់អារម្មណ៍របស់ក្មេងក្នុងថ្នាក់រៀនផង ប្រសិនបើពួកគេបានដឹងថាមានមនុស្សកំពុងឃ្លាំមើលសកម្មភាពរបស់ពួកគេដូចនេះ។ ដូចនេះហើយ​ដំណោះស្រាយថ្មីនេះនៅមិនទាន់ដាក់ឲ្យអនុវត្តជាផ្លូវការនៅគ្រប់សាលារៀននៅឡើយទេ ដោយអនុវត្តនៅតាមសាលារៀន ឬថ្នាក់រៀនណាដែលមានការយល់ព្រមពីសំណាក់ឪពុកម្តាយក្មេងតែប៉ុណ្ណោះ៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS