ជើងខ្លាំងមែន! គ្រាន់តែសមត្ថកិច្ចហៅអោយឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែយកឈើជ្រុងវាយសមត្ថកិច្ចអោយរងរបួស

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹករណីអំពើហិង្សាដោយចេតនា យុវជនម្នាក់ប្រើឈើជ្រុងធ្វើសកម្មភាពវាយសមត្ថកិច្ចអោយរងរបួសដោយសារតែខឹងសមត្ថកិច្ចហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យខាងលើមានឈ្មោះ ឡាច សុភ័ស្ស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូិឃុំកើតហេតុ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើដំណើរថ្មើជើងហើយសមត្ថកិច្ចមានការសង្ស័យថាជាជនមិនល្អក៏ឃាត់អោយឈប់ដើម្បីត្រួតពិនិត្យក្រែងមានរក្សាទុកគ្រឿងញៀនឬអាវុធផ្សេងៗ ប៉ុន្តែគ្រាន់តែសមត្ថកិច្ចហៅអោយឈប់ភ្លាមស្រាប់តែជនសង្ស័យយកដំបងមកធ្វើសកម្មភាពវាយលើសមត្ថកិច្ចបណ្តាលអោយមន្ត្រីសមត្ថកិច្ចម្នាក់រងរបួសស្នាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានសហការគ្នាចាប់ខ្លួនជនសង្ស័យខាងលើយកទៅប្រគល់អោយមន្ត្រីជំនាញធ្វើការសាកសួរនិងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS