រថយន្តសាំយ៉ុងបុកពីក្រោយម៉ូតូពេញទំហឹងស្លាប់ក្មេងស្រីម្នាក់ និងមនុស្សចាស់២នាក់រងរបួសធ្ងន់

កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយក្មេងស្រីអាយុ៣ឆ្នាំម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុជនងរគ្រោះបានជិះម៉ូតឌុបគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្ករម៉ាកសាំយ៉ុង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2S-6370 ធ្វើដំណើរក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយក្មេងស្រីអាយុ៣ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ។ ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ, ឈ្មោះ ញើង គីម ភេទស្រី អាយុ៥០ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ សុីវ លី ភេទស្រី អាយុ៣ឆ្នាំ​ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វលការវាស់វែងនៅកន្លែងកើតហេតុ ទាក់ទងរថយន្តសង្គ្រោះមកដឹងជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពកុមារីរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS