មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងមួយគ្រាប់បានផ្ទុះឡើងបណ្ដាលអោយបុរសឮជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញរងរបួសធ្ងន់ហើយត្រូវបានមិត្តភ័ក្តបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានបាត់បង់ជីវិតដោយសារតែរងរបួសធ្ងន់ធ្ងរពេក។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២២៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពមិនច្បាស់ការមួយបានបង្ហើបប្រាប់ថា ជនរងគ្រោះឈ្មោះ វីត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង និងជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងចំត្រង់ក្បាល ហើយភ្លាមៗនោះត្រូវមិត្តភ័ក្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរតែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពព័ត៌មាននៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកផ្ទះមិត្តភក្តិ (ផ្ទះកើតហេតុ) និងមានមិត្តភ័ក្ដ៥ទៅ៦នាក់ទៀតអង្គុយផឹកសុីនៅខាងមុខផ្ទះតាំងពីក្បាលព្រលប់មកម្លេះ។ លុះដល់ពេលកើតហេតុជនរងគ្រោះបាននិយាយទូរស័ព្ទដោយមិនបានដឹងថានិយាយរឿងអ្វីឬក៏ជាមួយអ្នកណាដែរ ក្រោយពីឈប់និយាយទូរស័ព្ទភ្លាមជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនបាញ់ក្បាលខ្លួនឯងដួលតែម្ដង។ ភ្លាមៗនោះមិត្តភក្តិដែលអង្គុយផឹកសុីជាមួយគ្នាបាននាំគ្នាដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងសួរនាំជុំវិញកន្លែងកើតហេតុ៕

COMMENTS