ឡូយទេ? បន្ដិចទៀតបើទោះភ្លេចលេខសម្ងាត់គណនី Facebook ក៏មិនបាច់ភ័យដែរ! ក្រុមហ៊ុនកំពុងធ្វើតេស្តមុខងារស្កេនមុខដើម្បីបំពាក់លើកម្មវិធីខ្លួន

នាពេលដ៏ខ្លីខាងមុខនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់នឹងអាចទទួលបានគណនីរបស់ខ្លួនមកវិញ រឺរាល់ពេលភ្លេចលេខកូដសម្ងាត់ ដោយប្រើប្រាស់មុខងារស្កេនមុខ Facial identification។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ៊ុនបណ្ដាញសង្គមមួយនេះ បាននឹងកំពុងធ្វើតេស្តសាកល្បងលើមុខងារនេះហើយ ជាមួយនឹងសមត្ថភាពអាចសម្គាល់ម្ចាស់គណនីបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ មួយចំនួនតូចនៃអ្នកប្រើប្រាស់បានទទួលបទពិសោធន៍ថ្មី នៃមុខងារនេះហើយ។

ដោយឡែក វាគឺជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់ នៅក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលបានប្រើប្រាស់មុខងារនេះសម្រាប់ការការពារសុវត្ថិភាព។ ចំពោះក្រុមហ៊ុន Apple ក៏បានប្រើប្រាស់មុខងារនេះដើម្បីលើ iPhone X របស់ខ្លួនដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏បានបំពាក់វានៅលើកំពូលស្មាតហ្វូន Galaxy Note 8 ដូចគ្នា។

សម្រាប់ក្រុមហ៊ុន Facebook វិញគឺខុសគ្នា។ ក្រុមហ៊ុននេះ មានទិន្នន័យ និងមុខរបស់អ្នកប្រើប្រាស់ជាច្រើនស្រាប់ទៅហើយ។ ដូចនេះ វាគឺជារឿងផ្សេងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍន៍ ពោលគឺខុសពីក្រុមហ៊ុន Apple និង Samsung។ ទាក់ទងទៅនឹងមុខងារស្កេនមុខនេះ អ្នកប្រើប្រាស់តម្រូវឲ្យលើកស្មាតហ្វូនឡើងមកដល់មុខ រួចចង្អុលឲ្យចំមុខងារ Facebook scan។ បន្ទាប់មក វានឹងធ្វើការប្រៀបធៀបនូវរាល់រូបភាព និងវីដេអូដែលអ្នកត្រូវបានគេ Tag ឲ្យ។ ចុងបញ្ចប់ នៅពេលដែលទិន្នន័យទាំងឡាយគឺត្រឹមត្រូវ នោះ Profile របស់អ្នកនឹងត្រូវបានដោះសោរ។

អាចនិយាយបានថា មុខងារនេះហាក់ដូចជាមិនទំនងសោះ ប៉ុន្ដែក្រុមហ៊ុន Facebook បានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺសម្រាប់មុខងារ Tag តែម្ដង។ នៅពេលដែលរូបភាពរបស់អ្នកត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម នោះកម្មវិធី Facebook នឹងចាប់ផ្ដើមស្កេនរូបភាពរបស់អ្នក រួចព្យាយាមចាប់យកមុខងារអ្នកដែលមានក្នុងរូបភាពនោះដើម្បី Tag។

អ្វីដែលអស្ចារ្យបំផុតនោះគឺ មុខងារនេះក៏អាចជួយអ្នកប្រើប្រាស់ក្នុងការស្វែងរករូបភាព និងវីដេអូរបស់ពួកគេដែលត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមទៀតផង។ ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Facebook បាននិយាយថា “យើងកំពុងធ្វើតេស្តសាកល្បងលើមុខងារថ្មី ដែលអាចជួយដល់អ្នកដែលចង់ផ្ទៀងផ្ទាត់គណនីខ្លួន ដោយងាយស្រួល និងលឿនបំផុត នៅពេលដែលគណនីពួកគេត្រូវបានបាត់ រឺភ្លេចលេខសម្ងាត់។”

Fu

ខ្មែរណូត

ប្រភព៖ telegraph

COMMENTS