តើ Huawei Mate 10 Pro និង Huawei Mate 9 ដែលចេញលក់កាលពីឆ្នាំមុន ខុសគ្នាយ៉ាងដូចម្ដេចខ្លះ?

មិនដល់ពីរសប្ដាហ៍ទៀតទេ កាលបរិច្ឆេតនៃការប្រកាសចេញលក់កំពូលស្មាតហ្វូនត្រកូល Mate 10 នឹងមកដល់ហើយ។ ប៉ុន្ដែ រហូតមកដល់ពេលនេះយើងនៅតែទទួលបានការបែកធ្លាយ និងពត៌មានជាច្រើនទាក់ទងទៅនឹងម៉ូដែលកំពូលនេះ។ ដោយឡែក សម្រាប់ត្រកូល Mate 10 ត្រូវបានបែងចែកចេញជាច្រើនម៉ូដែល ដែលមានដូចជា Mate 10, Mate 10 Pro, Mate 10 Lite និងពិសេសជាងគេគឺ Mate 10 Porsche Design។

ប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានដែលអាចជឿទុកចិត្តបានរបស់លោក Evan Blass បានផ្ទុះឡើង និងបង្ហាញនូវអ្វីដែលជាផ្លូវការរបស់កំពូលស្មាតហ្វូន Mate 10 Pro។ មិនតែប៉ុណ្ណោះ រូបភាពទាំងនោះគឺបង្ហាញច្បាស់ពីរូបរាងគ្រប់ជ្រុងជ្រោយតែម្ដង ប៉ុន្ដែកម្រឹតខ្នាតពិតប្រាកដនៅតែជាអាថ៌កំបាំងដដែល។ នេះគឺជាពត៌មានថ្មីដែលទទួលបានពីគេហទំព័របណ្ដាញសង្គម Weibo របស់ប្រទេសចិន។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងកំពូលស្មាតហ្វូន Huawei Mate 10 Pro និង Mate 9 ដែលត្រូវបានចេញលក់កាលពីឆ្នាំ2016 កន្លងមកនេះ។ ដូចទៅនឹងអ្វីដែលអ្នកអាចមើលឃើញថារយៈរូបភាពអញ្ចឹង។ Mate 10 Pro មានរូបរាងតូច និងប្រវែងខ្លីជាងម៉ូដែលចាស់ ប៉ុន្ដែវាត្រូវបានគេជឿថានឹងមានអេក្រង់ទំហំ 6អ៊ីញ ក្នុងសមាមាត្រ 18:9 និងផ្ទៃខាងមុខស្ទើរគ្មានគែម។ ចំពោះវិមាត្រវិញគឺ 6.18 x 3.11 x 0.31អ៊ីញ រឺ 156.9 x 78.9 x 7.9 សម្រាប់ Mate 9 ប៉ុន្ដែសម្រាប់ Mate 10 Pro យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់បន្ទះឈីបវិញ កំពូលស្មាតហ្វូន Mate 10 Pro នឹងត្រូវបានបំពាក់ដោយ Kirin 970 របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្ដង។ លើសពីនេះទៅទៀត ម៉ូដែលកំពូលនេះត្រូវបានគេជឿថា នឹងមានភ្ជាប់ជាមួយនឹងមុខងារពិសេសដែលមិនធ្លាប់មានពីមុនមកទៀតផង។ ទោះជាយ៉ាងណា យើងទាំងអស់គ្នាតម្រូវឲ្យរងចាំដល់ថ្ងៃទី16 ខែតុលា ខាងមុខនេះ ដែលជាការបរិច្ឆេតនៃការប្រកាសរបស់ក្រុមហ៊ុន Huawei នោះយើងនឹងដឹងការពិតទាំងអស់គ្នា។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS